អង្គការសុខភាពពិភពលោកជំរុញឲ្យប្រទេសទាំងអស់បន្តយុទ្ធនាការចាក់វ៉ាក់សាំង ក្រោយប្រទេសធំៗនៅប្លុកអឺរ៉ុបផ្អាកការប្រើវ៉ាក់សាំង Covid-19 របស់ AstraZeneca
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះ បានស្នើឱ្យបណ្ដាប្រទេសទាំងអស់កុំបញ្ឈប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោយប្រទេសធំៗជាច្រើននៅប្លុកអឺរ៉ុប និងប្រទេសមួយក្នុងតំបន់អាស៊ី បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ។
ការអំពាវនាវរបស់អង្គការ WHO ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងបារាំងបានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ អាស្រ្តាហ្សេណេកា ក្រោយមានសេចក្ដីរាយការណ៍ពីបញ្ហាកំណកឈាមក្នុងសសៃឈាមត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុននេះក្នុងប្រទេសន័រវេស និងដាណឺម៉ាក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក គ្រីស្ទាន លីនដ៍ម៉ៃយឺ (Christian Lindmeier) បាននិយាយថា មកទល់នឹងថ្ងៃនេះ មិនមានភស្ដុតាងណាមួយបញ្ជាក់ថា ឧប្បដិហេតុដែលបានកើតឡើង គឺត្រូវបានបង្កឡើង ឬមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ… ហើយវាគឺជាពេលវេលាដ៏សំខាន់ ក្នុងការបន្តយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតមនុស្ស និងកម្ចាត់វីរុសដ៏សាហាវមួយនេះ ៕ ប្រភព៖ Reuters


