ឧត្តមសេនីយ៍ទោ លី ស៊ុន ដឹកនាំកម្លាំងចុះសួរសុខទុក្ខ នាយ និងពលទាហាន ដែលកំពុងបំពេញភារកិច្ច ឈរជើងតាមខ្សែត្រៀមជួរមុខកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ទោលី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ នឹងនំាយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែករំលែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបន្ថែមទៅលើគោលរបបការហូបចុក នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងបំពេញតួនាទីភារកិច្ចឈរជើងការពារតាមខ្សែត្រៀមជួរមុខកម្ពុជា-ថៃ នៅទីបញ្ជាការស្រាលប្រាំមករា នៃទិសទី១ប្រាសាទព្រះវិហារ ។
បន្ទាប់ពីរបាយការណ៍សង្ខេបស្តីពីការងារដឹកនាំគ្រប់គ្រង ព្រមជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨បានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព កសាងនូវឆន្ទៈក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ធានាបានសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំពង្រឹងកម្លាំង។
ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរបន្ថែមចំពោះទឹកចិត្តរបស់នាយ និងពលទាហានគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ក៏ដូចជានៅតាមបណ្តាវរសេនាតូចទាំង៥ ចំណុះ បានធ្វើការបរិច្ចាគថវិកាខ្លួនផ្ទាល់ ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវ COVID-19 ដែលបាននិងកំពុងឆ្លងរីករាលដាលជាសកលលើពិភពលោក។ ដោយក្នុងនោះប្រទេសកម្ពុជាយើង ក៏មានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ (COVID-19)នេះផងដែរ ។
ឯកឧត្តម បានបន្ថែមថា៖ ការមើលស្រាល និងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត បើទោះបីជំងឺ COVID-19នេះ មានស្ថានភាពធូរស្រាលក៏ដោយ ប៉ុន្តែ យើងទាំងអស់គ្នា នៅតែបង្កើនការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្ពស់បន្ថែមទៀត ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩នេះ ។
ជាចុងក្រោយឯកឧត្តមមេបញ្ជាការ ក៍បានធ្វើការផ្តាំផ្ញើរបន្ថែមទៅដល់ នាយទាហាន នៅគ្រប់បណ្តាអង្គភាពចំណុះទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសត្រូវលាងដៃអោយបានញឹកញាប់ជាមួយ អាល់កុល ចែល សាប៊ូ ឬផេះ និងរៀបចំដុះលាងទុកដាក់ចំពោះអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ គ្រប់ធុន ដែលយើងប្រើប្រាស់នៅក្នុងដៃ និងធ្វើការបោសសំអាត ជួសជុលលេណដ្ឋានឲ្យបានត្រឹមត្រូវ ព្រមជាមួយនិងការខិតខំធ្វើកែច្នៃជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងគ្រួសារ ក្នុងការងារបង្ករបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងអង្គភាព ៕ធ.ដ
ដោយ៖ សួនលីណា