គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ ក្នុងស្រុកអង្គរជុំ ទទួលអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមខេត្តសៀមរាប
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០គ្រួសារ ក្នុងស្រុកអង្គរជុំ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះមកពីឃុំដូនពេងចំនួន ២៩គ្រួសារ (រលំ៤ខ្នង របើកដំបូល២៥ខ្នង) និងឃុំគោល១គ្រួសារ (របើកដំបូល) កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រូវបានលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបធ្វើការសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ជូន នៅបរិវេណសាលាឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
ក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិតក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ឲ្យបានជាប្រចាំ ។ ក្នុងនោះក៏បានធ្វើការណែនាំពី“របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ អាល់កុល ជែល និង ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងលើកនូវ “វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺកូវីដ ១៩” ផងដែរ ។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប នៅពេលបើកបរយានយន្តគ្រប់ប្រភេទ គឺត្រូវ គោរពច្បាប់ចរាចរណ៍ និងមានឯកសារយានយន្តជាប់នឹងខ្លួន នៅពេលបើកបរត្រូវពាក់មួក និងដាក់ខ្សែក្រវ៉ាតសុវត្ថិភាព ពីព្រោះថា ជម្ងឺគ្រោះថ្នាក់ចរាចរណ៍ គឺសាហាវជាងជម្ងឺកូវិដ១៩ទៅទៀត គឺនៅពេលគ្រោះថ្នាក់ធ្វើឲ្យបាត់បង់ជីវិត រងរបួស ក្លាយជាជនពិការ ដែលបន្សល់ទុកនូវក្មេងកំព្រា ស្រី្តមេម៉ាយជាដើម ។
អំណោយផ្ដល់ជូន មួយគ្រួសារទទួលបាន ឃីតមួយចំនួនធំ អង្ករ៣០គីឡូក្រាម ចំពោះគ្រួសារផ្ទះរលំមានស័ង្កសី១៦សន្លឹក ថវិកា២សែនរៀល គ្រួសាររបើកដំបូល មាន ស័ង្កសី ១០សន្លឹក និងថវិកា ១សែនរៀលផងដែរ៕ធ.ដ
ម៉ី សុខារិទ្ធ