ប្រជាពលរដ្ឋជិត១០០នាក់ នៅក្នុងខេត្តរតនគិរី បានលើកគ្នាទៅដុតបំផ្លាញស្នាក់ការប៉ុស្តិ៍ឧទ្យានុរក្ស នៅក្នុងដែនឧទ្យានជាតិវរៈជ័យ អស់២ខ្នង សង្ស័យកើតចេញពីរឿងគំនុំ
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋប្រមាណ ៧៥នាក់ បានធ្វើដំណើរតាមម៉ូតូ ៤០គ្រឿង លើកគ្នាទៅដុតបំផ្លាញស្នាក់ការប៉ុស្តិ៍ឧទ្យានុរក្ស ដែលសង់នៅជាប់ដែនឧទ្យានជាតិវរៈជ័យ អស់២ខ្នងកាលពីថ្ងៃទី១០ឧសភាឆ្នាំ២០២០។ ស្នាក់ការបរិស្ថាន២ខ្នង ដែលរងការដុតនោះ គឺស្ថិតនៅចំណុចអូរឡាប៉េ ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរី។
សេចក្តីរាយការណ៍ បានអោយដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលស្រុកតាវែង បានចុះទៅដល់ទីកន្លែងកើតហេតុ ហើយបានធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតឃើញថា កាលពីថ្ងៃទី៩ឧសភាកន្លងទៅនេះ មានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី ៤នាក់ ១.ឈ្មោះ បាន អន ជាអ្នកដឹកនាំទ ២. ទុំ វ័ន ៣. សាយ សំអាន និង៤. ជា ប៊ុនលឿ បានចុះដកហូតដីចំការ ដោយបានវាយផ្លាកសញ្ញាលើដើមឈើ ដោយសរសេរថា « ដីនេះត្រូវដកហូត » ព្រមទាំងបានដុតបំផ្លាញខ្ទមចាំចំការ របស់ប្រជាពលរដ្ឋ ២កន្លែង ឆេះអស់ទាំងស្រុង ថែមទៀតផង។
សេចក្តីរាយការណ៍ដដែល បានបន្តទៀតថា ក៏ព្រោះតែរឿងគំនុំជាមួយមន្ត្រីឧទ្យានុរក្ស ទើបប្រជាពលរដ្ឋបានគៀងគរគ្នា ជិត១០០នាក់ ទៅដុតបំផ្លាញស្នាក់ការឧទ្យានុរក្ស នៃដែនឧទ្យានជាតិវរៈជ័យ របស់មន្ត្រីបរិស្ថាន អស់ពីរខ្នង រួមទាំងអង្ករ ១បេ ឆ្នាំងដាំបាយសម្ល៦ អង្រឹង៤ អាគុយ១ កានទឹក៣ និងក្តារងឿឈើកកោះ ២សន្លឹក ផងដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន្ទ បានអោយដឹងថា ពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ លោកថា ឥឡូវនេះ កំណត់មុខសញ្ញាមេខ្លោងបានហើយ កំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ឡុង សំបូរ