អាជីពការងារក្នុងប្រព័ន្ធឌីជីថលឈរនៅលំដាប់ទី1 ដែលមានតំរូវការបំផុតសម្រាប់ឆ្នាំ2021

បរទេស៖ នៅក្នុងឆ្នាំ2021នេះប្រសិនបើអ្នកកំពុងស្វែងរកការងារ និងតំណែងថ្មី ខណៈដែលអ្នកមានជំនាញដែលកំពុងមានតម្រូវការមួយចំនួនដូចជាអាជីវកម្មអនឡាញ សេវាសុខភាព ឬមតិកាឌីជីថល នោះមានន័យថាអ្នកគឺជាមនុស្សដែលមានអាទិភាព បំផុត។ នេះបើយោងតាមការព្យាករណ៍របស់ LinkedIn ទៅលើការងារដែលនឹងតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះ។

យោងតាមការស្រាវជ្រាវរបស់ LinkedIn នៅក្នុងប្រទេសចំនួន 15 បានបង្ហាញថា ការងារដែលកំពុងមានតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះភាគច្រើនគឺជាប្រភេទការងារដែលអាចធ្វើបានតាមរយៈអនឡាញ ឬប្រព័ន្ធឌីជីថលដែលអាចធ្វើពីផ្ទះបាន។ លើសពីនេះវាក៏បានទស្សន៍ទាយដែរថា ការងារថ្មីបែបបច្ចេកវិទ្យាប្រមាណជា 150លានកន្លែងនឹងកើតឡើងនៅក្នុងរយៈពេល5ឆ្នាំខាងមុខនេះ។

ស្រដៀងគ្នានេះដែរ WeForum ឬ World Economic Forum បានធ្វើការស្រាវជ្រាវរកឃើញថាក្រុមហ៊ុន និងអាជីវកម្មដល់ទៅ 84 ភាគរយគឺបានរៀបចំផែនការរួចទៅហើយក្នុងការពង្រឹងប្រតិបត្តិការរបស់ខ្លួនតាមរយៈការងារដែលអាចធ្វើពីផ្ទះ ហើយទាំងអស់នេះមានន័យថា​បដិវត្តនៃការងារបែបឌីជីថលកំពុងចាប់ផ្តើមដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារការងាររបស់ពិភពលោក។

ជាក់ស្តែងចាប់តាំងពីពេលដែលវិបត្តិនៃជំងឺកូវីដចាប់ផ្តើមវាយប្រហារមកអង់គ្លេសត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់អង់គ្លេសបានធ្វើការបញ្ជាទិញទំនិញ និងគ្រឿងទេសតាមរយៈអនឡាញក្នុងចំនួនទ្វេដង ដែលវាបានធ្វើឲ្យវិស័យអាជីវកម្មអនឡាញមួយនេះមានសន្ទុះនៃការជួលបុគ្គលិក​កើនឡើងរហូតទៅ​ដល់ 143ភាគរយ។ ការបិទទ្វារព្រំដែនប្រទេសក៏បានបង្កើតទៅជាបណ្តាញព័ត៌មានថ្មីៗជាច្រើន ជាពិសេសប្រភេទ podcasts ដែលក្នុងនោះអតិថិជន និងអ្នកប្រើប្រាស់មានការកើនឡើងទៅដល់ 15 លាននាក់គិតត្រឹមក្នុងឆ្នាំ2020​ ដែលវាបានផ្តល់ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះអ្នកសរសេរមតិកា​អត្ថបទឌីជីថល។

មតិកាឌីជីថល ដែលមានរួមទាំងជាប្រភេទវិដេអូផងដែរនោះ ត្រូវបានគេមើលឃើញមានការផ្ទុះខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅលើ គេហទំព័រ YouTube ដែលមានអត្រាកើនឡើងដល់ទៅ 82 ភាគរយខណៈដែលនៅសហភាពអារ៉ាប់រួមមានកំណើននៃអ្នកធ្វើមតិកាឌីជីថល (freelancer) កើនឡើងដល់ទៅប្រមាណ 197ភាគរយកាលពីឆ្នាំ2020កន្លងទៅនេះ។

ដោយឡែកនៅអាស៊ីអាគ្នេយ៍វិញត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់ខ្លួនដល់ទៅប្រមាណ 70 ភាគរយបានកើនឡើងនូចំណេះដឹងផ្នែកឌីជីថល អាចធ្វើការងារ អាចធ្វើការបញ្ជាទិញ ឬប្រឹក្សាយោបល់នានាតាមរយៈអនឡាញបាន ដែលមានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ហើយក្នុងនោះវិស័យថ្មីចំនួន 2 ក៏កំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ គឺ HealthTech និង EdTech ដែលជាប្រភេទការងារបែបអ្នកឱសថការីជាមួយនឹងបច្ចេកវិទ្យានិងវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យា ឬគ្រូបង្រៀនដែលអាចប្រើប្រាស់បច្ចេកវិទ្យានៃព័ត៌មានវិទ្យាសុទ្ធតែជាមួយក្រុមមនុស្សដែលពាក់ព័ន្ធ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner