សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្រាប់ការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង1.5លានដូសនឹងមកដល់ឆាប់ៗ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំងនៅក្របខ័ណ្ឌទូទាំង​ប្រទេស ។

តាមរយៈសារសម្លេងបន្ទាន់របស់សម្ដេចតេជោ នាយប់ថ្ងៃទី16 ខែមីនា ឆ្នាំ2021 ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុង តែដំណើរការទៅយ៉ាងសកម្ម។ 

សម្ដេចតេជោគូសបញ្ជាក់ថា៖ « នៅពេលខាងមុខនេះ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ បើយើង​មិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស »។

សម្ដេចតេជោបានលើកឡើងថា «ពិតហើយ ក្រសួងសុខាភិបាល មិនមែនទទួលខុសត្រូវតែលើបញ្ហាកូវីដ-19 នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត ក៏ប៉ុន្តែគប្បីពិនិត្យថា តើរដ្ឋលេ​ខា​ធិការ អនុរដ្ឋលេខាធិការប៉ុន្មាននាក់ បែរមុខឆ្ពោះតម្រង់តែបញ្ហាកូវីដ-19នេះតែម្ដង។ ធ្វើយ៉ាងដូច្នេះ ដំណើរការចាក់ វ៉ាក់សាំងនឹងរៀបរយបានល្អ ជាមួយនឹងផែនការមេជាក់លាក់ ដើម្បីយើងអាចនឹងដំណើរការទៅបាន»។ 

រាជរដ្ឋាភិបាលភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឱ្យប្រជាពលរដ្ឋឲ្យបានពី10 ទៅ 13លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់​របស់ចិន​មួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន 1លាន5សែនដូស  (1.5លាន) ដែលនឹងមកដល់ឆាប់ៗខាងមុខនេះឬអាចលើសពីនេះថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងអត់មានអាថ៌កំបាំងអី ជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់​យើង​ក្នុង​រង្វង់ពី 10 ទៅ13 លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន 1,500,000 ដូស ក្នុងឆាប់ៗខាងមុខ។ វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជា​បន្ត​បន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ៕ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner