រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

ភ្នំពេញ ៖ រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ2020កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការនាំចេញកង់កម្ពុជាក្នុងឆ្នាំ2019 ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន1,897,789គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង419លានដុល្លារ ​ហើយប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ គឺប្រទេសអាល្លឺម៉ង់ មានចំនួនជាង63ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង132លានដុល្លារ ។ បន្ទាប់គឺប្រទេសប៊ែលហ្ស៊ិក បាននាំចូលកង់ពីកម្ពុជាចំនួន208ពាន់គ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង72លានដុល្លារ ។

ដោយឡែកនៅក្នុងឆ្នាំ2020កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ-19 ក្តី តែការនាំចេញកង់រប់សកម្ពុជា នៅតែមានកំណើនបើធៀបនឹងឆ្នាំ2019 មានការកំណើនដល់2,437,614គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង 531លានដុល្លារ ។ ប្រទេសដែលមានការនាំចូលកង់ពីកម្ពុជា ច្រើនជាងគេនោះគឺចក្រភពអង់គ្លេស មានចំនួនជាង 84ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង147លានដុល្លារ ហើយប្រទេសបារាំង មានចំនួនប្រមាណ50ម៉ឺនគ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង114លានដុល្លារ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេ​សនាំចេញកង់ដ៏សំខាន់មួយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសសហភាពអឺរ៉ុប និងអាមេរិក ។ ទន្ទឹមនឹងការនាំចេញនេះដែរ កម្ពុជាក៏ជាប្រទេសនាំចូលកង់មកកម្ពុជាដែរ តែយើងមិនមានតួលេខច្បាស់លាស់ពីការនាំចូលកង់មកកម្ពុជានោះដែរ។

ឯកឧត្តមបានបញ្ជាក់ថា​៖« ដំណើរការ​ផលិត​កង់​របស់​កម្ពុជា​នៅតែ​បន្ត​ជាធម្មតា បើទោះ​ជា​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ជា​សកល​កំពុង​បន្ត​ក៏ដោយ​ ហើយ​ការនាំចេញ​កង់​កើនឡើង​នេះ​វា​អាស្រ័យ​លើ​ការបញ្ជាទិញ​»​។សូមបញ្ជាក់ដែរថា កង់​ផលិត​នៅ​ប្រទេស​កម្ពុជា ​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ជាង​ 500,000 ​គ្រឿង អាល្លឺម៉ង់ 630,000​ គ្រឿង ចក្រភព​អង់គ្លេស 270,000 ​គ្រឿង និង​បែលហ្ស៊ិក 208, 000​គ្រឿង​ ខណៈ​ដែល​ប្រទេស​ហូឡង់​មាន​ចំនួន​ 90,000 ​គ្រឿង និង​អូស្ដ្រាលី​មាន​ចំនួន 100, 000​គ្រឿង​៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner