ព្រះមហាក្សត្រ ស្តេចយាង បំពេញព្រះរាជទស្សនកិច្ច ទីកន្លែង សមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន នៅទីក្រុងសៀងហៃ

ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ទីកន្លែងកំណើត នៃបក្សកុម្មុយនិស្តចិន ពោល គឺជាទីតាំង ដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់ នូវសមាជបក្ស លើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ។

យោងតាមបណ្តាញសង្គមហ្វេសបុក Royal du Cambodge ការយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ទីកន្លែងកំណើត នៃបក្សកុម្មុយនិស្តចិន ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។ ទីតាំងនេះ សមាជជាតិលើកដំបូង របស់បក្សកុម្មុយនិស្តចិន បានបើកនៅទីនេះ មានតំណាងសរុប ១៣នាក់ មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្ស ជាង៥០នាក់ នៅទូទាំងប្រទេស ។

ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការ នាសវនាការជាមួយ ឯកឧត្តម Li Qiang លេខាធិការ នៃគណៈកម្មាធិការ គណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ និងកត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានមកបំពេញទស្សនកិច្ច នៅទីក្រុងសៀងហៃនាឱកាសនេះ ហើយគោលបំណងដ៏សំខាន់មួយ នៃដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺទស្សនា ទីតាំងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន» ។

បន្ទាប់ពីបានបំពេញ ព្រះរាជទស្សនកិច្ច និងទ្រង់ព្រះសណ្តាប់ អំពីប្រវត្តិសាស្រ្តលម្អិត នៃទីតាំងសមាជលើកទី១រួចមក ព្រះអង្គសព្វព្រះរាជហឫទ័យ មានព្រះរាជបន្ទូល ថ្លែងនាឱកាសនោះថា «ទីនេះ គឺជាទីកន្លែងដែលមានសារៈសំខាន់ ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ។ ទីតាំងនៃសមាជជាតិ លើកទី១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញ ពីប្រវត្តិសាស្ត្រ របស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ក្នុងការកសាងប្រទេស និងបម្រើប្រជាជន ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានបំពេញ ព្រះរាជទស្សនកិច្ច ទៅកាន់ទីតាំងដ៏មានសារៈសំខាន់ខាងលើនេះ ចំនួន២លើក គឺនៅក្នុងឆ្នាំ ១៩៦៣ និងឆ្នាំ១៩៧២ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner