សមត្ថកិច្ចបានឃាត់រថយន្តក្រុង ៤៥កៅអី ១គ្រឿង របស់ក្រុមហ៊ុន ទេព សុខា នៅក្នុងរថយន្តមានផ្ទុកឈើកែច្នៃខុសច្បាប់
លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានសហការណ៍ជាមួយអធិការស្រុកជីក្រែង ឃាត់រថយន្តក្រុង ៤៥កៅអី ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ (3C6161) ស្ថិតនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជារបស់ក្រុមហ៊ុនទេពសុខា បានដឹកឈើចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្ត ឆ្ពោះទៅភ្នំពេញ ដោយក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃដូចជា៖ គ្រឿងទ្វា ៣០ គ្រឿងដែលជាឈើគគីរ កូនក្រឡឹង ៧០ ដុំសុក្រម ស្នួរ១០ ដើម ។ វត្ថុតាងទាំងនេះ គឺត្រូវបានប្រគល់ទៅឲ្យផ្នែករដ្ឋាបាលព្រៃឈើស្រុកជីក្រែង ដើម្បីអនុវត្តទៅតាមនិតិវិធីជាធរមាន ។
លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ គឺយើងឃើញថា នៅក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃខុសច្បាប់ទើបសមត្ថកិច្ចធ្វើការហាមឃាត់។ លោកបន្តថា រថយន្តនេះបានដឹកឈើជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវឡើយ។ រថយន្តដឹកឈើនោះមានស្លាកលេខ ភ្នំពេញ (3C. 6161) អ្នកបើកបរ មានឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូល ខេត្តកណ្តាល។
លោក ហុង ដា នាយរដ្ឋបាលព្រៃឈើជីក្រែង បានឲ្យដឹងថា ពាក់ព័ន្ធវត្ថុតាងនិងម្ចាស់រថយន្តដែលសមត្ថកិច្ចបានប្រគល់មកឲ្យខាងផ្នែករដ្ឋបាលព្រៃឈើនោះ គឺខាងផ្នែករដ្ឋបាលព្រៃឈើរបស់យើង បានធ្វើកំណត់ហេតុ និងរបាយការណ៏ដាក់ជូនទៅនាយរដ្ឋបាលខ័ណ្ឌរួចរាល់អស់ហើយ ឥឡូវយើងរង់ចាំតែថ្នាក់លើបញ្ជាតែប៉ុណ្ណោះ៕ ដោយ ស៊ាន សុផាត








