សេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨មីនាឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព។ សេចក្ដីណែនាំបានបញ្ជាក់ថា ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ បានរីករាលដាលកាន់តែធំនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ជាពិសេសការរាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពលខេមភូមិន្ទនាពេលថ្ងៃនេះ។
ដើម្បី បង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានណែនាំ ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយដល់យោធិនចំណុះ ឱ្យបានជ្រួតជ្រាប និងអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយ គ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមក សម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។
យោងតាមសារសម្លេងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនាទៀ បាញ់ នៅយប់ថ្ងៃទី១៧មីនាឆ្នាំ២០២១ បានបញ្ជាក់ថា មានកងទ័ព៣នាក់ហើយដែលមានវិជ្ជមានវីរុសកូវីដ-១៩ ពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈ ក្នុងចំណោមនោះក៏មានអ្នកបានចាក់វ៉ាក់សាំងរួចទាំង២ដូសផងដែរ៕

