អភិបាលខេត្តកណ្តាល ទទួលអំណោយទឹកសុទ្ធ និងថវិកាមួយចំនួនពីក្រុមហ៊ុន ING Holdings Co.,Ltd

អត្ថបទដោយ៖
ធី ដា

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយទឹកសុទ្ធចំនួន ២,០០០កេស និងថវិកា ពីលោក កែវ សូថា តំណាងអោយលោកឧកញ៉ា អ៊ឹង ប៊ុនហូវ អគ្គនាយកក្រុមហ៊ុនING Holdings Co.,Ltd ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ២០២១ ក្រោមប្រធានបទ(ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីត-១៩ និងកសាងភាពធន់របស់សង្គមជាតិ)។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះ លោកឧកញ្ញា ដែលមានសទ្ធាជ្រះថ្លាបរិច្ចាកនូវថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាពេលនេះ ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម។

ឯកឧត្តម បន្ថែមថា អំណោយដែលលោកឧកញ៉ា នាំមកនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកណ្ដាល ក្នុងការជួយប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល ដែលជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវ (កូវីដ-១៩) ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner