ហ្វីលីពីនឲ្យប្រើបន្ទាន់ វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី ជាវ៉ាក់សាំងទី៤ក្នុងប្រទេស
ហ្វីលីពីនបានសម្រេចឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V ផលិតនៅប្រទេសរុស្ស៊ី នេះបើតាមរដ្ឋបាលថ្នាំនិងអាហារប្រទេសហ្វីលីពីន នាថ្ងៃទី១៩ មីនា ២០២១នេះ ជាការសម្រេចខណៈដែលហ្វីលីពីនកំពុងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។
វ៉ាក់សាំងផលិតដោយវិទ្យាស្ថាន Gamaleya របស់រុស្ស៊ីគឺជាវ៉ាក់សាំងទី៤ហើយ ដែលត្រូវបានសម្រេចឲ្យប្រើប្រាស់បន្ទាន់ ក្នុងប្រទេសហ្វីលីពីន។ ហ្វីលីពីនគ្រោងនឹងចាក់វ៉ាក់សាំង ជាង១៤០លានដូស នៅត្រឹមខែធ្នូ ២០២១ ចាក់ជូនពលរដ្ឋ៧០លាននាក់។ ហ្វីលីពីនបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង កាលពីថ្ងៃទី១ មីនា ហើយបានទទួល១.១២៥លានដូស នូវវ៉ាក់សាំង Sinovac និង AstraZeneca។
ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ ថ្មីៗនេះកំពុងប្រឈមនឹងការឆ្លងខ្លាំងវិញ ដោយមនុស្សជិត២ម៉ឺននាក់បានឆ្លង ក្នុងពេល៤ថ្ងៃ៕