ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានណែនាំឲ្យអត្តពលិកជម្រើសជាតិ ពង្រឹងសមត្ថភាព ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗ ចំនួន៣ ក្នុងឆ្នាំ២០២១

ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជម្រុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីដែលទើបជាប់ជាជម្រើសជាតិ បន្តឆន្ទៈខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែមានសក្កានុពល ពីព្រោះក្នុងឆ្នាំ២០២១នេះ សហព័ន្ធត្រៀមបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិឆ្នើម ទៅចូលរួមការប្រកួតធំៗចំនួន៣ នៅលើឆាកអន្តរជាតិ ។


ឯកឧត្តមប្រធានសហព័ន្ធ អះអាងថា ព្រឹត្តិការណ៍ធំៗចំនួន៣នោះ មានដូចជា ព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹត្តិការណ៍កីឡាអាស៊ី នៅទីក្រុងហានចូវ ប្រទេសចិន និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ។

ឯកឧត្តម លើកឡើងថា ដើម្បីឲ្យយើងទទួលបានជោគជ័យសម្រាប់ការប្រជែងមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនេះ ជម្រើសជាតិទាំងអស់ត្រូវហ្វឹកហាត់ប្រកបដោយឆន្ទៈប្រឹងប្រែង ពង្រឹងកាយសម្បទាឲ្យមាំមួន និងពង្រឹងប្រាជ្ញាស្នារតីឲ្យរឹងមាំ ទើបយើងឈានទៅសម្រេចជោគជ័យបាន ។


សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០បានចំនួន១៥នាក់ សម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមការប្រកួតអន្តរជាតិ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner