អ៊ុតគំនូសចរាចរ លេីផ្លូវលេខ ៧២ ផ្លូវលេខ ៧៤ និងផ្លូវលេខ ១០៨ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់លើបញ្ហាការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់សាធារណ: នៅក្នុងមូលដ្ឋានទូទាំង ១៤ខណ្ឌក្នុងរាជធានី ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ លើកសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាតនិងងាយស្រួលក្នុងការធ្វើដំណើរ។
ជាក់ស្តែងនៅថ្ងៃទី១៩ខែ មីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តសកម្ម ភាព អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង នៅតាមបណ្ដោយផ្លូវជាច្រើនខ្សែនៅក្នុងខណ្ឌដូនពេញ ពិសេសកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការ អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងទៅតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួច ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់មានចំនួន២៩ខ្សែ ហើយក្នុងចំនួននេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ ។ គិតមកដល់ពេលនេះ ផ្លូវទាំង១៦ខ្សែនេះ ក្រុមការងារបានជួសជុលនិងអ៊ុតកៅស៊ូACបានចំនួន១១ខ្សែហើយ ហើយនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង ទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូAC រួចរាល់ហើយនេះ។
ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ៕



