កម្ពុជា មានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ដោយ៖ ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖កម្ពុជាត្រូវបាន ចាត់ទុកថាជាប្រទេសដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា កម្ពុជានៅសល់សត្វទន្សោងប្រមាណ ១៥០០ក្បាលដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃនានានៅកម្ពុជា។ សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។

ទន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំ នៅផ្នែកពាក់កណ្តាល ចុះក្រោម ហើយចុងស្នែងពណ៌ខ្នៅ។

តាមពិតសត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ សត្វប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន២ខែ។
ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និង ប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ។

យ៉ាងណាក្តីដោយសារតែកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងការអភិរក្ស សត្វព្រៃទាំងនេះត្រូវបានការពារ និងបន្តមានវត្តមាននៅក្នុងព្រៃកម្ពុជា។ បច្ចុប្បន្នសត្វប្រភេទនេះស្ថិតនៅក្នុងប្រភេទក្រុមសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ ប្រភេទសត្វនេះទទួលសម្ពាធខ្លាំងពីការបរបាញ់ យកស្បែក សាច់ ស្នែង ឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម។

គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យ និង ជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង ក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី បានឱ្យដឹង កាលពីកន្លងមកថា ក្នុងចំណោមសត្វដែលទទួលរងការថយចុះជាបន្តបន្ទាប់នេះរួមមាន៖សត្វទន្សោងមានការថយចុះ៧២ភាគរយ។បច្ចុប្បន្ននេះចំនួនសត្វទន្សោងត្រូវបានប៉ាន់ប្រមាណថានៅសេសសល់ប្រហែល ៣៧១ ក្បាលនៅក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ៤៨៥ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ ឯកឧត្តមថាផ្អែកតាមការប៉ាន់ប្រមាណនៅចន្លោះឆ្នាំ ២០១០-២០១១ សត្វទន្សោងភ្នំព្រេចមានចំនួនប្រមាណ ១៩១១ ក្បាលនៅក្នុង តំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពកនិងប្រមាណ១១០២ក្បាលនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

ដោយឡែក លោក សេង ទៀក នាយកអង្កការWWFបានលើកឡើងថាស្របពេលដែលចំនួនសត្វទន្សោង នៅកម្ពុជាមានការថយចុះនោះ នៅក្នុងបណ្តាលប្រទេសនានាលើសកលលោកក៏មានការថយចុះដូចគ្នា។ កក្តាដែលធ្វើឲ្យសត្វទាំងនេះមានការថយចុះដោយសារអន្ទាក់ ការប្រម៉ាញ់ខុសច្បាប់ក្នុងអតីតកាលនិងបច្ចុប្បន្ន ការជួញដូរសត្វព្រៃខុសច្បាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការទន្ទ្រានយកដីព្រៃខុសច្បាប់និងការបំលែងដីព្រៃ។

លោកថាជាងនេះការបរបាញ់ខុសច្បាប់និងវិបត្តិនៃការដាក់អន្ទាក់ដែលជម្រុញដោយការជូញដូរសត្វព្រៃខុសច្បាប់ ជាមូលហេតុចំបងដែលបណ្តាលឲ្យចំនួនសត្វក្រចកជើងចំពាមនេះធ្លាក់ចុះ។ ក្នុងកំឡុងពេញមួយទស្សវត្សនេះអត្រានៃការរកឃើញអន្ទាក់មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ហើយពេលថ្មីៗក៏ មានការប្រើវិធីសាស្ត្រប្រមាញ់ខុសច្បាប់ផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សត្វព្រៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner