កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបទីតាំងសិប្បកម្មអត់ច្បាប់១កន្លែង
សៀមរាប៖ មន្ត្រីអាវុធហត្ថផ្ទៃប្រទេស បានឲ្យដឹងថា កម្លាំងអាវុធផ្ទៃប្រទេស និងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើល្មើសច្បាប់មួយកន្លែង ខណៈម្ចាស់ទីតាំងគេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២០ស្ថិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះមានការចូលរួមពីសំណាក់អាវុធហត្ថក្រុងនិង លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរងខេត្តសៀមរាបសហការជាមួយ កម្លាំងអាវុធហត្ថផ្ទៃប្រទេស ក្រោមការដឹកនាំដោយលោក វរសេនីយ៍ឯក ភឿក ភារម្យ និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្តសៀមរាប សម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
មន្ត្រីដដែលបន្តថា ប្រតិបត្តិការនេះរកឃើញវត្ថុតាងម៉ាស៊ីនរ៉ៃចំនួន០២គ្រឿង ឈើប្រភេទលេខ១ចំនួន៣៦ដុំស្មើ
និង ១,៥៧៧ម៉ែត្រគូប បានប្រគល់ឲ្យខណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាបដើម្បីបន្តនីតិវិធី។ ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើខាងលើនេះនៅឡើយទេ ខណៈម្ចាស់ផ្ទះកំពុងគេចខ្លួន។ប្រភពបានបង្ហើបថា នៅក្នុងទីរួមខេត្តសៀមរាប មានទីតាំងរោងសិប្បកម្មច្នៃឈើមិនតិចជាង៣០កន្លែងនោះទេ ហើយគេមិនដឹងថាមានច្បាប់រឺយ៉ាងណានោះទេ ជាពិសេសនៅភូមិខ្នារ សង្កាត់ជ្រាវ នេះតែម្តង៕ធ.ដ