រដ្ឋបាលខេត្តកំពត ធ្វើពិធីប្រគល់ និងទទួលព្រះរាជក្រឹត្យ ផ្ដល់សញ្ជាតិខ្មែរនិងជូនប័ណ្ណកម្មសិទ្ធិដីធ្លីជូនលោក អូប្រាយអិន ហ្សកអាឡិន ហៅ (ថម )ជនជាតិអាមេ៉រិកសញ្ជាតិអាមេរិក

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលាខេត្ត នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានធ្វើពិធីប្រគល់និងទទួលព្រះរាជក្រឹត្យ តាមត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់សញ្ជាតិខ្មែរ និងជូនប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ជូនដល់ជនជាតិអាមេរិកសញ្ជាតិអាមេរិកម្នាក់មានសិទ្ធស្នាក់និងរស់នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះធ្វើឡើង ក្រោមវត្តមានចូលរួម ពីឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម អស់លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ អង្គភាពចំណុះសាលាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។

យោងតាម ការស្នើសុំរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យ ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជូន ដល់លោក អូប្រាយអិន ហ្សកអាឡិន ហៅ (ថម ) ជាជនជាតិអាមេរិក សញ្ជាតិអាមេរិក ដែល រស់នៅរដ្ឋTenneesee សហរដ្ឋអាមេរិក ហើយបានប្ដូរឈ្មោះ សែន សំណាង ដើម្បីឲ្យគាត់បានចូលជាសញ្ជាតិខ្មែរ និងស្នាក់រស់នៅ ព្រមទាំងមានសិទ្ធិចាត់ចែងកាន់កាប់ទ្រព្យសម្បត្តិកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួនក្នុងប្រទេសកម្ពុជារហូតតទៅ។ ជាមួយនៅក្នុងពិធីនេះដែរ រដ្ឋបាលខេត្តកំពត ក៏បានផ្ដល់ជូននូវឯកសារពាក់ព័ន្ធនៃសិទ្ធកាន់កាប់ដីធ្លី ដែលជាកម្មសិទ្ធិរបស់លោកប្រាយអិន ហ្សកអាឡិន ហៅ (ថម)ឬហៅសែន សំណាង ដែលមានចំនួន៧ទីតាំងនៅក្នុងខេត្តកំពតនេះផងដែរ។

ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានលើកបញ្ជាក់ថា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែនដែលតែងតែបានចាត់ទុកអាមេរិកគឺជាមិត្តភក្កិល្អជាមួយកម្ពុជា ។ ហើយក្នុងករណីលោក (ថម) បើទោះបីកន្លងមកនេះមានការរំលោភបំពាន ពីដៃគូរកស៊ីជាមួយគ្នា នឹងក៏មានដំណោះស្រាយរកយុត្តិធម៌តាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដែលជាដំណោះស្រាយដ៏ល្អនេះត្រូវបានសម្ដេចតេជោមានការកោតសរសើរនិងគាំទ្រយ៉ាងខ្លាំង។ ហើយចំពោះករណីលោក(ថម)នេះដែរ រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ប្រមុខដឹកនាំ នៅពេលបានដឹងថា មានការរំលោភបំពានពីដៃគូរកស៊ីជាមួយគ្នានេះដែរ  សម្ដេចតេជោ ក៏តែងតែមានការអាណិតអាសូរ ជាពិសេសនៅពេលដឹងថា លោក (ថម) ត្រូវបានចូលនិវត្តន៍ហើយ ព្រមទាំងបានសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា ដែលបានជ្រើសរើសទីតាំងខេត្តកំពតជាកន្លែងជម្រើសចុងក្រោយរបស់ជីវិតលោក។ ថែមទាំងពិនិត្យឃើញថាសកម្មភាព ល្អៗជាច្រើនរបស់លោក(ថម) មានទាំងគម្រោងផ្ទះសម្បែងដីធ្លី និងស្ដែងចេញនៃការស្រឡាញ់ប្រទេសកម្ពុជាដោយបេះដូងបរិសុទ្ធរបស់គាត់ផ្ទាល់  សម្ដេចតេជោក៏ពេញចិត្ត សម្រេចទូលសុំព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិខ្មែរជូនលោក( ថម)ក្នុងក្ដីស្រឡាញ់ពេញបេះដូងជាសមាជិកគ្រួសារ ពលរដ្ឋខ្មែរតែមួយ។

ជាមួយឱកាសនោះ ឯកឧត្តមដួង តារា ក៏បានសម្ដែងក្ដីសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោក (ថម) និងធ្វើកិច្ចការរស់នៅស្របតាមច្បាប់ប្រទេសកម្ពុជា ហើយកិច្ចការខ្វះខាតត្រង់ណា សង្ឃឹមថា រដ្ឋបាលខេត្តកំពតនិងជួយសម្របសម្រួល ដើម្បីធ្វើឱ្យការរស់នៅរបស់លោក( ថម)នៅក្នុងប្រទេសកម្ពុជាយើងនេះប្រកបដោយសុខសប្បាយទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក (ថម) ក៏បានសម្ដែងក្ដីអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលចិត្តសន្ដោសប្រណី បានជួយរកយុត្តិធម៌ព្រមទាំង បានផ្ដល់សញ្ជាតិខ្មែរ ដើម្បីជាសិទ្ធិរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា ដែលជាទឹកដី លោកស្រលាញ់ពេញបេះដូងនៃជីវិតចុងក្រោយរបស់លោក(ថម)ផងដែរ។ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner