សម្តេចព្រះមហាក្សត្រីប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ចំពោះ លោក ហួរ ឡាវី
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន៣,០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ ព្រះអង្គមានព្រះរាជបន្ទូលថា មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។
សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ត្រូវជាភរិយា តារាចម្រៀងជើងចាស់ លោក ហួ ឡាវី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រី គឺកញ្ញា វី ដាណែត តារាចម្រៀង កំពុងធ្វើចត្តលីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អ្នកស្រី បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។