ក្រសួងអប់រំ និងក្រសួងទេសចរណ៍ សម្រេច បិទអាជីវកម្មក្លិបហាត់ប្រាណ Fit Zone ដោយសារមិនគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានបង្កការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូល សហគមន៍ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ជាច្រើនពិបាកនិងទប់ស្កាត់បំផុតនោះ ក្រសួងជំនាញទាំងពីរ មានក្រសួងអប់រំយុវជន និងកីឡា និងក្រសួងទេសចរណ៍ បានចេញលិខិតស្តីពីការផ្អាកដំណើរការក្លិបហាត់ប្រាណ និងកន្លែងលេងកីឡាទាំងអស់ ដែលមានលក្ខណៈប្រមូលផ្តុំ ដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងអនុក្រឹត្យ លេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។


គួរបញ្ជាក់ថា ក្លិបហាត់ប្រាណ Fit Zone ដែលមានទីតាំង នៅផ្លូវលេខ៤៥០ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនបានគោរព និងអនុវត្តតាមការណែនាំ ហើយនៅតែបន្តដំណើរការអាជីវកម្មផ្ទុយពីការណែនាំរបស់ក្រសួងជំនាញ ដែលអាចបង្កឲ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ទៅក្នុងសហគមន៍ និងអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ ។ ក្រសួងអប់រំ និងក្រសួងទេសចរណ៍ បានឯកភាពគ្នា សម្រេចបិទអាជីវកម្មក្លិបហាត់ប្រាណ Fit Zone ដែលមិនគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៕
