អ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ កវីប្រើសំនួនវោហារសព្ទអប់រំមិនចេះរឹងស្ងួតក្នុងសង្គមខ្មែរ

អត្ថបទដោយ៖
AMS

“ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះត្បិតខំរៀន ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន ព្រោះចិត្តអាក្រក់”។ នេះជាកំណាព្យមួយល្បះតែងជាបទកាកគតិក្នុងច្បាប់ល្បើកថ្មី និពន្ធដោយអ្នកភិរម្យភាសា អ៊ូ ហៅ ង៉ុយ ដែលជាកវីមានកិត្តិស័ព្ទល្បីល្បាញរបស់ខ្មែរមួយរូបផ្នែកសំនួនវោហារសព្ទ នៅរវាងឆ្នាំ​​១៩២២។ តាមរយៈខ្លឹមសារកំណាព្យមួយល្បះនេះ បង្ហាញឱ្យឃើញពីតម្លៃនៃចំណេះដឹង។ លោកបញ្ជាក់ថា ចំណេះដឹងទាំងឡាយរមែងតែងកើតចេញពីការខិតខំប្រឹងប្រែងស្វែងរកដោយសេចក្តីព្យាយាម ហើយជីវិតរស់នៅរបស់មនុស្សតែងចាកផុតពីភាពក្រ​ខ្ស​ត់​ ប្រសិនបើបុគ្គលចេះជួយទៅវិញទៅមក។ 

អ្នកភិរម្យភាសាអ៊ូ កើតនៅឆ្នាំ១៨៦៥ នៅភូមិព្រៃអណ្ដូងស្វាយ ស្រុកភ្នំពេញ (ស្រុកអង្គស្នួល) ខេត្តកណ្ដាល។ បិតាមាននាមថា អ៊ុក ជាមេឃុំកំបូល ដែលមានគោរម្យងារជាចៅ​ព​ញា​ធម្មរាជា ​និងមាតានាមថា អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ 

អ្នកភិរម្យភាសា អ៊ូ ជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រ រហូតគេទទួលស្គាល់ថាជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប។ អតីតកាលលោកបានបំពេញកាតព្វកិច្ចជាព្រះភិក្ខុនៅវត្តបឹងចក រយៈពេលប្រាំឆ្នាំ ព្រមទាំងរៀនប្រែប្រែព្រះត្រៃបិដកចាប់ពីពេលនោះមក។ ក្រោយពីលាចាកសិក្ខាបទ លោកបានបម្រើការងាររាជការក្នុងតួនាទីជាស្មៀន ក្លាយជាអ្នកចម្រៀងសារដៀវ និងជាអ្នកទេសនាតាមស្រុកភូមិដ៏ល្បីឈ្មោះម្នាក់ រហូតដល់ហ្លួងព្រះស៊ីសុវត្ថិប្រទានគោរម្យងារជា “ក្រមង៉ុយ” ពេលបម្រើការងារនៅក្រុមភ្លេងព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង។

កវីវោហារសព្ទមិនចេះរីងស្ងួតរូបនេះ បានបង្កើតស្នាដៃច្រៀងផ្ទាល់មាត់ជាច្រើន ដូចជាច្បាប់ល្បើកថ្មី, ច្បាប់កេរកាលថ្មី, សេចក្តីរំលឹកដាស់តឿន, ច្បាប់ប្រដៅជនប្រុសស្រី, បណ្ដាំក្រមង៉ុយ, ក្រៅពីនេះមានស្នាដៃជាច្រើនទៀត។

រំលឹកដល់ឈ្មោះអ្នកភិរម្យភាសា អ៊ូ លោក ជ័យ ​ចាប សាស្ត្រាចារ្យផ្នែករចនាបថវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា “តាង៉ុយជាកវីដែលមានលក្ខណៈប្រ​ជា​ប្រិយ​ ហើយរាល់ស្នាដៃរបស់គាត់ច្រើនទាក់ទងនឹងជីវភាពរស់នៅនិង​ចរិយាទាយាទរបស់ប្រជាជន រំលេចដោយតម្លៃអប់រំដាស់តឿនក្រើនរំលឹកកូនចៅប្រុសស្រី ឱ្យចេះប្រុងប្រយ័ត្នសម្រាប់ឱ្យបុគ្គលគ្រប់មជ្ឈដ្ឋានអាចស្ដាប់បានទាំងអស់។ ហេតុនេះធ្វើឱ្យប្រជាជនខ្មែរជាពិសេសប្រជាជននៅជនបទ សុទ្ធតែស្គាល់និងចូលចិត្តរូបគាត់ដែលហៅម្យ៉ាងទៀតថា កវីប្រជាជន”។

លោកសាស្ត្រាចារ្យបានបន្តថា កំណាព្យរបស់លោកតាក្រមង៉ុយច្រើនរៀបរាប់ពីចរិយាធម៌គុណធម៌ វប្បធម៌ និងបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលជាតម្លៃអប់រំសីលធម៌សង្គម។ “បើបុគ្គលណាអានហើយ ស្ដាប់ហើយយកទៅអនុវត្តតាមការទូន្មានរបស់គាត់ ធ្វើឱ្យបុគ្គលនោះមានការចេះដឹងក្នុងសង្គម និងសម្រេចកិច្ចការពុំខុសឆ្គង មិនខាតបង់ ចំណេញទាំងពេលវេលាចំណេញទាំងលទ្ធផល” លោកសាស្ត្រាចារ្យ ជ័យ ​ចាប។

សូមបញ្ជាក់ថា ស្នាដៃកំណាព្យអប់រំទូន្មានរបស់អ្នកភិរម្យភាសា អ៊ូ នៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ស្នាដៃទាំងនោះ ត្រូវបានចម្លងទុកជាឯកសារសម្រាប់អ្នកសិក្សាអាចអាន និងស្វែងរកបានរហូតមកដល់សព្វថ្ងៃ។ លក្ខណៈពិសេសរបស់កវីរូបនេះ មានទេពកោសល្យអាចនិពន្ធបានភ្លាមៗដោយគ្រាន់តែឃើញទិដ្ឋភាពនិងជីវភាពរស់នៅពិតជាក់ស្ដែងរបស់ប្រជាជនខ្មែរ។ ស្នាដៃដែលបានបោះពុម្ពផ្សាយទាំងអស់របស់លោក ត្រូវបានកត់ត្រាដំបូងបង្អស់នៅក្នុងសម័យអាណានិគមបារាំង ដោយលោកស្រី ស៊ុយហ្សាន កាប៉ឺឡែល (SuZanne Karpele) នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner