ក្រុមហ៊ុន Microsoft និងក្រសួងចុះហត្ថលេខាជាមួយក្រសួងប្រៃសណីយ៍លើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Microsoft អាស៊ីប៉ាស៊ីហ្វិក បានព្រមព្រៀងសហការគ្នាលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជាក្នុងវិស័យជាច្រើន រួមទាំងការអប់រំលើកម្មវិធីសិក្សា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងប្រធានផ្នែកហិរញ្ញវត្ថុសំរាប់ក្រុមហ៊ុន Microsoft Singapore លោកស្រី Cairine Haslam បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ 

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រុមហ៊ុន Microsoft មានគម្រោងបញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សាទូទៅនិងឧត្តម​សិក្សា​។ ក្រសួងប្រៃសណីយ៍នឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតផែនការលើកកម្ពស់អក្ខរកម្មឌីជីថល។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ នឹងជំរុញឱ្យនិស្សិតពិចារណាជ្រើសរើសរៀនបច្ចេកវិទ្យាឌីជីថល បើទោះពួកគេកំពុងសិក្សាជំនាញផ្សេងទៀតក៏ដោយ ក្នុងគោលបំណងបំពេញចំណេះដឹងជាមូលដ្ឋាននៃការទំនាក់ទំនងនិងព័ត៌មានវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់​ទី ៤។

ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងអ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ផងដែរថា​ ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ ដើម្បីឆ្លើយតបនឹងសេដ្ឋកិច្ចឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ដំណើរឆ្ពោះទៅឆ្នាំ២០៣០ ក្រសួងអប់រំប្តេជ្ញាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាបន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នា។

គួររំលឹកផងដែរថា ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងខាងលើ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ ប្រៃសណីយ៍និងទូរគមនាគមន៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយទៀតរវាងក្រសួងប្រៃសណីយ៍និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រងជាតំណាង។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ក្នុងការអភិវឌ្ឍសូហ្វវែរ “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស”  (Khmer Fastype Tool) ដើម្បីសម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ (Microsoft Office)៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner