អតីតសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានទទួលឱ្យចូលសិក្សានៅសាកលវិទ្យាល័យ University of California Berkley ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក
ភ្នំពេញ៖ អតីតសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានទទួលឱ្យចូលសិក្សានៅសាកលវិទ្យាល័យ University of California Berkley ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដែលជាសាកលវិទ្យាល័យធំនាំ មុខគេលំដាប់ថា្នក់ទីបីលើពិភពលោក។ ដោយយោងតាមរបាយការណ៍ចាត់ចំណាត់ថា្នក់សាកលវិទ្យាល័យឆ្នាំ២០១៩ សាកលវិទ្យាល័យកាលីហ្វ័រ ញ៉ា (The University of California) គឺជាសាកលវិទ្យាល័យលំដាប់ឈានមុខគេនៅសហរដ្ឋអាម៉េរិក និងឈរលំ ដាប់ទី៤នៅ លើសកលលោកក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនរបស់ពិភពលោក។ យុវតី អានណា កំពុងបន្តការសិក្សាលើជំនាញចិត្តវិទ្យាជាជំនាញគោល និងមានគម្រោងជ្រើសរើសជំនាញគ្រប់គ្រងពាណិជ្ជកម្ម ឬគ្រប់គ្រងសេដ្ឋកិច្ចជាមុខជំនាញបន្ទាប់ ។
យុវតី តែ អានណា បានទទួលអាហាររូបករណ៍ថ្លៃសិក្សាពេញថ្លៃទៅសិក្សានៅ Skyline College ស្ថិតក្នុង រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យដោយជោគជ័យនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅឆ្នាំ២០១៨។ ខាងសាកលវិទ្យាល័យបានបញ្ជាក់ថា៖ ការដាក់ពាក្យស្នើសុំអាហាររូបករណ៍មានលក្ខណៈប្រកួត ប្រជែងខ្ពស់ ហើយពាក្យស្នើសុំអាហាររូបករណ៍របស់យុវតីម្នាក់នេះគឺមានភាពទាក់ទាញខ្លាំងសម្រាប់គណៈកម្មការ អាហាររូបករណ៍ ដោយបង្ហាញពីភាពឆ្លាតវៃ ជំនាញសរសេររៀបរាប់ប្រកបដោយវោហារសាស្ត្រ និងភាពក្លៀវក្លាឆ្ពោះ ទៅរកភាពជោគជ័យ។
យុវតីរូបនេះគឺជាសិស្សឆ្នើមម្នាក់ដែលមានភាពសកម្មក្នុងការចូលរួមការងារក្រុមប្រឹក្សាសិស្ស ដែលរួមមាន គម្រោងបណ្តុះបណ្តាលស្ត្រីក្នុងភាពជាអ្នកដឹកនាំ, ក្លិបបណ្តាញសិស្សអន្តរជាតិ និង PTK Honor Society (Phi Theta Kappa Honor Society)។
យុវតី តែ អានណា បានលើកឡើងថា៖ ដោយសារសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទើបខ្ញុំមានឱកាសបានជួបអ្នកតំណាងមកពីSMCCD (San Mateo County Community College District) ក៏ដូចជាឱកាសក្នុងការដាក់ពាក្យសុំអាហាររូបករណ៍ទៅសិក្សានៅ Skyline College ដោយជោគជ័យ និងធ្វើឱ្យខ្ញុំឈានដល់គោល ដៅជោគជ័យដែលខ្ញុំទទួលបានថ្ងៃនេះ។ ហើយខ្ញុំមិនភ្លេចទេនូវរាល់ការចូលរួមចំណែកយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដែលរួមមានកម្មវិធីចែក រំលែកទស្សនទាន ទិវាគ្រួសារ ពិធីជប់លៀងជំនួបមិត្តរួមសាលា និងកម្មវិធីចូលឆ្នាំខ្មែរជាដើម ដែលទាំងអស់នេះ បន្សល់ទុកនូវស្នាមញញឹមដែលស្ថិតក្នុងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន។
សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ បានគូសបញ្ជាក់ថា៖ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ជាពន់ពេកចំពោះ យុវតី អានណា។ គាត់បានបង្ហាញឱ្យឃើញពីសារសំខាន់នៃលទ្ធផលសិក្សារំពឹងទុករបស់ សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍សម្រាប់ភាពជាពលរដ្ឋសកល។ អានណា គឺជាប្រធានក្រុមប្រឹក្សាសិស្ស សម្រាប់ឆ្នាំសិក្សា ២០១៧-១៨ ដោយបានបន្សល់ទុកនូវស្នាដៃលេចធ្លោរជាច្រើនក្នុងការដឹកនាំ រៀបចំសកម្មភាព ជាច្រើនរបស់សិស្សានុសិស្ស ជាមួយគ្នានោះដែរ គាត់ក៏មានភាពសកម្មក្នុងការសិក្សាគ្រប់មុខវិជ្ជា។ យើងខ្ញុំសូម ចូលរួមអបអរសាទរចំពោះ អានណា និងក្រុមគ្រួសារ និងសូមជូនពរគាត់ឱ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងមានអនាគតដ៏ត្រចះត្រចង់។
អានណា បានបញ្ជាក់ថា៖ គាត់មានគម្រោងដ៏ច្បាស់លាស់មួយសម្រាប់ខ្លួនគាត់នៅថ្ងៃអនាគត នោះគឺគាត់ នឹងបង្កើតមុខជំនួញមួយ ហើយក៏នឹងធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាផ្លូវចិត្តដែលកើតឡើងចំពោះប្រជាជនកម្ពុជាផងដែរ ។
កន្លងមក សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានបណ្តុះបណ្តាលនូវសិស្សានុសិស្សកម្ពុជា ដែលមាន សមត្ថភាពខ្ពស់លេចធ្លោរជាច្រើនផងដែរ។ កាលពីឆ្នាំមុន អតីតសិស្សឈ្មោះ នូ ចាន់យុទ្ធា ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៧/២០១៨ ក៏បានទទួលអាហាររូបករណ៍សម្រាប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកផងដែរ។ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានលទ្ធភាពចូលរៀនក្នុង បណ្តាសាកលវិទ្យាល័យនានាជុំវិញពិភពលោកក៏ដោយសារតែពួកគេបានជ្រើសរើសយកនូវមុខវិជ្ជាត្រៀមមហាវិទ្យាល័យ (Advanced Placement) ហើយនៅឆ្នាំនេះផងដែរ សាលាក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយវិទ្យាស្ថាន មេន (Maine Central Institute) របស់សហរដ្ឋអាមេរិក ដែលធានាថា សិស្សានុសិស្សដែលបានសិក្សាក្នុងកម្មវិធីសិក្សាសម្រាប់សញ្ញាប័ត្រពីរនឹងទទួលបានការអនុញ្ញាត ឱ្យចូលរៀនក្នុងសាកលវិទ្យាល័យល្បីៗរបស់សហរដ្ឋអាម៉េរិក ៕ធ.ដ