ដីព្រៃលិចទឹករបស់សហគមន៍នេសាទភូមិទឹកហូត នៅមាត់បឹងឆ្អឹងដំរី ជាតំបន់អភិរក្សត្រូវគេកាប់ និងឈូសឆាយលក់ឲ្យឯកជនប្រជាពលរដ្ឋស្នើសុំមន្ត្រីជំនាញជួយទប់ស្កាត់
ខេត្តកំពង់ឆ្នាំង៖ ដីព្រៃលិចទឹករបស់សហគមន៍នេសាទនៅចំណុចមាត់បឹងឆ្អឹងដំរី ដែលជាតំបន់អភិរក្សជាង៣ហិតានៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីជាង១អាទិត្យ មុននេះត្រូវបានគេលួចកាប់ និងឈូសឆាយព្រៃយកទៅលក់ឲ្យក្រុមហ៊ុនឯកជន។ ក្នុងករណីនេះសហគមន៍បានធ្វើការសំណូមពរដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធជួយធ្វើការទប់ស្កាត់ផង ដើម្បីរក្សាទុកព្រៃលិចទឹកនេះអោយដុះឡើងវិញសម្រាប់ត្រីពង កូន និងជាជម្រោករបស់ថនឹកសត្វគ្រប់ប្រភេទរសនៅ ។
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយនាយរងខណ្ឌរដ្ខបាលជលផល លោក អ៊ូ សោភណ្ឌ័ន បានអោយដឹងថា៖ ក្រោយពីក្រុមការងារចុះធ្វើការត្រួតពិនិត្យ និងវាស់វែងបានពិនិត្យឃើញដីព្រៃលិចទឹកនៅតាមមាត់បឹងឆ្អឹងដំរីជាតំបន់អភិរក្សនេះ ត្រូវបានគេកាប់ឆ្ការឈូសឆាយអស់៣,៨០ហិកតា។
តាមការស្រាវគឺ ប្រជាពលរដ្ឋដែលមានធ្វើស្រែនៅចំណុចនេះបានលក់ដីនៅចំណុចនេះដែលជាដីនៅជាប់ក្បាលស្រែ របស់ខ្លួនទៅឲ្យមេការក្រុមហ៊ុនមួយដើម្បីជីកកកាយដីយកទៅធ្វើផ្លូវដែលករណីនេះវាខុស និងច្បាប់ ព្រោះជាដីព្រៃត្រីពង់កូននៅមាត់បឹងអភិរក្សដែលច្បាប់ហាមឃាត់។ ដោយឡែក លោក ដួង សុផាត ប្រធានសមាគមសហគមន៍នេសាទភូមិទឹកហូតបានបញ្ជាក់ថា៖ សហគមន៍នេសាទទឹកហូតបានកើតនៅឆ្នាំ២០០៦ ដែលបានគ្រប់គ្រងដីចំនួន៥៩២ហិកតាក្នុងនោះក៏មានបឹងឆ្អឹងដំរីដែលជាតំបន់អភិរក្សមួយផងដែរ។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានលើកឡើងថា៖ ជុំវិញការឈូសឆាយ និងកាប់ព្រៃជុំវិញបឹងអភិរក្សខាងលើនេះ កន្លងមកមេឃុំទឹកហូតលោក ទន់សាអីម ជាអ្នកចុះហត្ថលេខាទទួលស្គាល់ថាដីសហកមន៍មានចំនួន៥៩២ហិកតាពិតមែន។តែថ្មីៗនេះលោកមេឃុំរូបនេះក៏ជាអ្នកចុះហត្ថលេខាទទួលស្គាល់ការលក់ទិញដីរបស់ប្រជាពលរដ្ឋនៅចំណុចនេះដែរ តើរឿងនេះថ្នាក់លើ និងជំនាញដោះស្រាយបែបណា។ ទាក់ទងនឹងការលើកឡើងរបស់សហគមន៍បែបនេះ លោកមេឃុំទឹកហូត លោក ទន់សាអីម នៅល្ងាចថ្ងៃទី០៨ ខែឧសភានេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទរបស់លោកដើម្បីទំនាក់ទំនងសួរនាំ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លីឡា បានអោយដឹងថាករណីខាងលើនេះសមត្ថកិច្ចជំនាញ និងហាមឃាត់មិនអោយមានការឈូសឆាយឬកាប់បំផ្លាញដីព្រៃលិចទឹកនៅចំណុចខាងលើនេះទៀតឡើយ ដោយសមត្ថកិច្ចត្រូវស្រាវរកលិខិតស្នាមរបស់ប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ និងជាអ្នកលក់ដូរដីនៅចំណុចនេះសិន។ ប៉ុន្តែបើការកាប់ឆ្ការឈូសឆាយដីនៅចំណុចនេះជាដីព្រៃលិចទឹកសម្រាប់ត្រីពង់កូនវិញគឺ មិនអាចបំពានយកទៅលក់ដូរបានឡើយ គឺត្រូវតែចំណាតការតាមផ្លូវច្បាប់ ៕ ដោយ៖ សុក្ខារិន