លោក ស៊ី ជិនពីង និយាយថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានអានុភាពបំផុតក្នុងសមរភូមិប្រឆាំងនឹង COVID-19
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានអានុភាពបំផុត ក្នុងសមរភូមិប្រឆាំងនឹងជម្ងឺ COVID-19 ដែលកំពុងបង្កហានិភ័យដល់សុខុមាលរបស់មនុស្សគ្រប់រូប រួមជាមួយនិងការអភិវឌ្ឍ ក៏ដូចជាវិបុលភាពរបស់សកលលោកទាំងមូល នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។
ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងក្នុងឱកាសធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអូសបេគីស្ថាន លោក ហ្សេវខាត់ មែរហ្ស៊ីយ៉ូយ៉េវ ដែលផ្តោតសំខាន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ។
បន្ថែមលើនេះ លោក ស៊ី ជិនពីង បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោក បោះបង់ចោលនូវការខ្វែងគំនិតគ្នា ហើយជំនួសមកវិញនូវការរួបរួមសាមគ្គី និង លុបបំបាត់នូវការរើសអើសទាំងឡាយ ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសកល COVID-19 ៕