ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារមួយចំនួនដើម្បីបង្ការជំងឺកូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញទទួលជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ដើម្បីជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។ ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ បានឧបត្ថម្ភសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ រួមមានម៉ាស់ចំនួន ១ម៉ឺនបន្ទះ, ទឹកអាល់កុល ១២០ លីត្រ, សំបកដបច្រកទឹកអាកុល ១០០ដប, មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាយវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់បងប្អូនសប្បុរសជនដែលជួយឧបត្ថម្ភ ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យទទួលបានជោគជ័យ។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការក៏បានជូនពរ សូមឱ្យបងប្អូនសបុរសជនទាំងអស់ ទទួលបានសេចក្តីសុខ សេចក្តីចំរើន និងសមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសត្រូវរួមគ្នាអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ-១៩ នាពេលឆាប់។
សូមជម្រាបថា÷ ក្រុមហ៊ុនសិរីមង្គលប្រាដឺហ៊ុដ មានសេវាកម្មទិញលក់ អចលនទ្រព្យ
-ប្រឹក្សាយោបល់អចលនទ្រព្យ គ្រប់គ្រងអភិវឌ្ឍន៍អចលនទ្រព្យ សេវាជួយអចលនទ្រព្យ សេវាបណ្ដុះបណ្ដាលទូទៅ និងសេវារៀបចំដីធ្លី៕





