ប្តូរអាជីវកម្មប្រពៃណីទៅអាជីវកម្មអនឡាញជារឿងចាំបាច់ពេលនេះ ប៉ុន្តែគួរចាប់ផ្តើមដោយរបៀបណា?
ចំណេះដឹង ៖ រយៈពេលជាង1ឆ្នាំចុងក្រោយនេះអ្វីដែលយើងអាចមើលឃើញច្បាស់បំផុតអំពីផលប៉ះពាល់នៃអាជីវកម្មទាំងឡាយដោយសារបញ្ហាកូវីដនោះគឺមានតែការបិទ ឬផ្អាកដំណើរការ និងការកែប្រែខ្លួនទៅជាអាជីវកម្មបែបប្រពៃណី ទៅជាអាជីវកម្មតាមអនឡាញ ដើម្បីអាចធានាបន្តបាននូវកិច្ចដំណើរការនៅក្នុងស្ថានភាពដែលលំបាកមួយនេះ។
អាជីវកម្មដែលអាចរស់រានមានជីវិតបានក្រៅតែពីអាជីវកម្មដែលមានធនធានច្រើននោះ ភាគច្រើនពួកគេបានផ្លាស់ប្តូរខ្លួនទៅជាអាជីវកម្មបែបអនឡាញដោយលក់ទំនិញ និងការផ្តល់សេវាកម្មរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាជំនួសវិញដែលក្នុងនោះក៏នៅសល់មួយចំនួនទៀតគឺកំពុងស្វែងរកវិធីថា តើគួរតែឈានជើងចូលក្នុងអាជីវកម្មបែបអនឡាញនេះបានដោយរបៀបណា?
សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់បានយល់ច្បាស់ពីការរកស៊ីបែបអនឡាញដែលពឹងផ្អែកខ្លាំងទៅលើបណ្តាញសង្គមនោះត្រូវចាំថា បើទោះបីជាមិនសូវងាយស្រួលពិតមែននៅក្នុងរបត់មួយនេះ ប៉ុន្តែបើនិយាយពីចំនួនអតិថិជនវិញគឺមានទំហំធំជាងអ្វីដែលអាជីវកម្មបែបប្រពៃណីមួយចំនួនធ្លាប់ជួបរាប់សិបដង ពីព្រោះថាស្ថានភាពកូវីដបែបនេះអ្នកណាក៏ស្ថិតនៅលើប្រព័ន្ធអនឡាញដែរ។
ការរកស៊ីនៅលើបណ្តាញសង្គមអាចនិយាយបានថាពឹងផ្អែកអាស្រ័យទៅលើការយល់ដឹងរបស់ម្ចាស់អាជីវកម្ម និងភាពច្នៃប្រឌិតរបស់គេខ្លាំងប៉ុណ្ណា។ អ្នកខ្លះចំណាយលុយតិចតួចក្នុងការផ្សព្វផ្សាយពីអាជីវកម្ម និងសេវាកម្មរបស់ខ្លួន ប៉ុន្តែអាចទទួលបានលទ្ធផលច្រើនស្ទើរមិនគួរឱ្យជឿ ខណៈដែលម្ចាស់អាជីវកម្មដទៃទៀតបានព្យាយាមចំណាយធនធានធ្វើជាដើមទុន និងជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ប៉ុន្តែជាលទ្ធផលឆ្លើតបមិនអាចទទួលយកបានទៅវិញ។
អ្នកជំនាញនៅក្នុងការផ្សព្វផ្សាយតាមបច្ចេកវិទ្យាបានប្រាប់ពីបទពិសោធន៍ដែលជោគជ័យថា ៖
1.ផ្តល់ដំណឹងជាមុនជូនអតិថិជនរបស់អ្នក៖ ការបិទតំបន់ ការរឹតត្បិតការធ្វើដំណើរនឹងធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមប្តូរទីតាំង និងផលិតដែលខ្លួនប្រើប្រាស់ជាមួយនឹងផលិតផល ឬសេវាកម្មថ្មីជំនួសវិញ ដូចនេះជារឿងគួរតែចាំបាច់ធ្វើនៅមុនពេលដែលអាជីវកម្មអ្នកមានវត្តមានលើទីផ្សារអនឡាញ អ្នកគួរតែធ្វើការផ្សព្វផ្សាយ ឬជូនដំណឹងតាមវិធីដែលអាចធ្វើទៅបាន។
2.រៀបចំទម្រង់អាជីវកម្មអនឡាញ ឬ E-commerce platform៖ អាជីវកម្មអនឡាញនឹងមិនទាមទារឲ្យអតិថិជនរបស់អ្នកមកដល់ទីកន្លែង ឬខលទូរស័ព្ទទៀតទេ ដូចនេះអ្នកត្រូវស្វែងរកជំនួយ ឬក្រុមការងារជំនាញថ្មីដែលអាចបង្កើតវេបសាយ ឬផេកបណ្តាញសង្គមដែលអាចមានសមត្ថភាពធ្វើការបញ្ជាទិញទំនិញ ឬសេវាកម្មរបស់អ្នកបាន។
3.ការគ្រប់គ្រងស្តុក៖ នៅពេលដែលទំនិញរបស់អ្នកត្រូវបានបញ្ជាទិញពី E-commerce platform របស់អ្នកហើយនោះ តើអ្នកមានបច្ចេកទេសគ្រប់គ្រងចំនួនទំនិញរបស់អ្នកចេញហើយឬនៅ តើអ្នកមានបច្ចេកទេសក្នុងការរាប់ចំនួនទំនិញចូលស្តុកដែរឬទេ។
4.កំណត់របៀបនៃការដឹកជញ្ជូនទំនិញរបស់អ្នកទៅឲ្យអតិថិជន៖ អ្នកត្រូវមានផែនការរួចជាស្រេចចំពោះវិធីនៃការដឹកជញ្ជូនរបស់អ្នក ប្រសិនបើជាអតិថិជននៅក្នុងក្រុង ឬនៅតាមខេត្ត ហើយថាតើតម្លៃសេវាគួរស្ថិតនៅក្នុងទំហំណា។
5.យុទ្ធសាស្ត្រទីផ្សារនៅពេលដែលអាជីវកម្មអនឡាញអ្នកចាប់ផ្តើមដំណើរការ៖ដូចដែលបានរៀបរាប់ខាងលើនេះ ការរកស៊ីអនឡាញវាគឺអាស្រ័យទៅលើភាពកែច្នៃរបស់អ្នក។ ប្រសិនបើអ្នកចេះច្នៃប្រឌិតវាបានល្អនោះអ្នកនឹងចំណាយតិច ប៉ុន្តែអាចទទួលបានលទ្ធផលខ្ពស់៕