ខេត្តព្រះសីហនុឃាត់ខ្លួនអ្នកបើកបររថយន្ត៤គ្រឿងដែលបើកបរគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២មីនាឆ្នាំ២០២១ មានរថយន្ត៤គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ ករណីទី១ រថយន្តម៉ាកKIA ពណ៌ស បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។
ករណីទី២ រថយន្តម៉ាកសាំយ៉ុង ពណ៌ស បើកបរដោយឈ្មោះ អ៊ឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។ ករណីទី៣ រថយន្តម៉ាក HYUNDAI បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ និងករណីទី៤ រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។ រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រាទី១០ ” បទមិនគោរពវិធានការរដ្ឋបាល ” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នោះត្រូវទទួលពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លានរៀល។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕



