Facebook កំពុងធ្វើការងារបច្ចេកទេសដើម្បីអាចឲ្យក្មេងអាយុក្រោម 13 ឆ្នាំប្រើប្រាស់ Instagram បាន

បរទេស៖ យើងធ្លាប់បានដឹងមកហើយថាកន្លងមកកម្មវិធីបណ្តាញសង្គម Instagram គឺមិនត្រូវបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដែលមានអាយុក្រោម 13 ឆ្នាំ​ឡើយ ប៉ុន្តែមកដល់សប្តាហ៍នេះ US news បានចេញផ្សាយថាក្រុមហ៊ុនមេរបស់ Instagram គឺ Facebook បានចាប់ផ្តើមការងារបច្ចេកទេស​របស់​ខ្លួន​ដើម្បីអាចធ្វើកំណែទំរង់ថ្មីមួយសម្រាប់ Instagram ។

Facebook បានប្រកាសថាខ្លួន បាន និងកំពុងរៀបចំការងារទៅលើ version ថ្មីមួយរបស់ Instagram ដែលអាចអនុញ្ញាតឲ្យអ្នកដែលមាន​អាយុ​ក្រោម13 ឆ្នាំអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមមួយនេះបាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល Facebook ក៏បានបញ្ជាក់ដែរថាដោយ​ចាប់ផ្តើមដំបូងតាមរយៈការប្រើប្រាស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ឪពុកម្តាយជាមុននោះក្រុមហ៊ុននឹងអាចទាញយកបានបទពិសោធន៍ព្រមទាំងចំណុចខ្វះខាតផ្សេងទៀតជាមិនខាន។

ការសម្រេចចិត្តលើកនេះត្រូវបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី Facebook បានប្រកាសនូវវិធានការណ៍ថ្មីៗដែលមានគោលបំណងដើម្បីស្វែងរក​វិធី​ក្នុង​ការការពារក្មេងជំទង់ឲ្យមានសុវត្ថិភាពនៅលើបណ្តាញសង្គម Instagram ប៉ុន្តែការប្រកាសនោះមិនបាននិយាយអំពីផែនការបង្កើត Instagram សម្រាប់​កុមារទេ ឬ Instagram for Kids នោះឡើយ។

គួរឲ្យដឹងដែរថាកន្លងមកពាក្យទិះតៀនរិះគន់ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ដោយលើកឡើងថា Instagram ដែលក្រុមហ៊ុនធ្លាប់អះអាងថាអាច​ប្រើប្រាស់​សម្រាប់កុមារ ឬ kid-friendly នោះគឺជាគ្រាន់តែជាវិធីសាស្ត្រដែល Facebook បង្កើនចំនួនអ្នកប្រើប្រាស់របស់ខ្លួនតាមរយៈការបន្ថែម​លក្ខខណ្ឌមួយចំនួនតែប៉ុណ្ណោះ។

កាលពីឆ្នាំ2017 Facebook បានដាក់ឲ្យដំណើរការកម្មវិធីឆាតកំសាន្តសម្រាប់កុមារ ឬ kids app Messenger ដែលវាទាមទារឲ្យឪពុកម្តាយជា​អ្នក​គ្រប់គ្រង និងត្រួតពិនិត្យទៅលើមិត្តភ័ក្តមួយណាដែលកូនៗរបស់គេគួរតែអាចមានសិទ្ធិក្នុងការឆាតលេងជាមួយបាន ប៉ុន្តែវាហាក់ដូចជាមិនបានធ្វើឲ្យកុមារបែង​ចែក​ចេញឲ្យដាច់ពីការប្រើប្រាស់បណ្តាញសង្គម Facebook ឡើយ ខណៈដែលអ្នកជំនាញនៅតែទាមទារថាកុមារមិនគួរអនុញ្ញាតឲ្យធ្វើការប្រើប្រាស់បណ្តាញសង្គមជាដាច់ខាត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner