បណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មប្រឆាំងចិន ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិចអ៊ូហ្គួរ នៅខេត្តស៊ិនជាំង
អាមេរិក៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដាបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិននៅថ្ងៃចន្ទនេះ ជុំវិញការរំលោភបំពានសិទ្ធិមនុស្សនៅខេត្តស៊ិនជាំង ដែលនេះជាការសហការគ្នាលើកដំបូងរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងប៉េកាំង ស្ថិតក្រោមរដ្ឋបាលរបស់ប្រធា នាធិបតីអាមេរិកថ្មី លោក ចូ បៃដិន ។
រដ្ឋាភិបាលប្រទេសលោកខាងលិចបាននិងកំពុងព្យាយាមគាបសង្កត់ធ្វើអោយទីក្រុងប៉េកាំង ទទួលខុសត្រូវចំពោះការចាប់ឃុំខ្លួនយ៉ាងច្រើននូវជនជាតិភាគតិចអ៊ូហ្គួរ នៅភាគពាយ័ព្យប្រទេសចិន ដែលសហរដ្ឋអាមេរិកនិយាយថា ចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។ ទោះជាយ៉ាងណា ប្រទេសចិនបានប្រកាសច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសហភាពអ៊ឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនៅថ្ងៃចន្ទនេះ បានអនុម័តការដាក់ទណ្ឌកម្មលើការរំលោភបំពានសិទ្ធិមនុស្សនានានៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ខណៈដែលប្លុកនេះពង្រីកវិធានការណ៍ដែលផ្តោតលើការរំលោភសិទ្ធិសកល ។ សហភាពដែលសមាជិកចំនួន២៧ប្រទេស គ្រោងនឹងដាក់មន្ត្រីចំនួន០៤រូប និងអង្គភាពរដ្ឋមួយរបស់ចិនចូលក្នុងបញ្ជីខ្មៅ ជុំវិញការបង្ក្រាបរបស់ទីក្រុងប៉េកាំងទៅលើជនជាតិភាគតិចអ៊ូហ្គួរ ក្រោយឯកអគ្គរដ្ឋទូតនានានៃប្លុកនេះបានផ្តល់ភ្លើងខៀវកាលពីសប្តាហ៍មុន ៕ ប្រភព៖ Reuters



