ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២៣ ខែ មីនាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២១។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថានៅក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងដើម្បី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ -១៩ នៅក្នុងឱកាសឈប់សម្រាកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ | អនុវត្តតាមជម្រើសណាមួយដូចខាងក្រោម៖
១) អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវ ប្រព្រឹត្តជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិត ទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកដោយ ផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែល មានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះ កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
២)លើកការឈប់សម្រាកនេះទៅអនុវត្តរួមគ្នាជាមួយការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬ ថ្ងៃឈប់សម្រាកណាមួយសមស្របនាពេលខាងមុខ ដោយតម្រូវឱ្យមានការព្រមព្រៀងរវាងនិយោជកជាមួយ នឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត។ កិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងរក្សាទុក សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ចំពោះការបំពេញការងារនៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ ឈ្នួលត្រូវអនុវត្តតាមអត្រាប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា។
ជាមួយគ្នានេះក្រសួងការងារបានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្ត ចូលរួមអនុវត្តវិធានការ -៣ ការពារ” និង “៣ កុំ” និងវិធានការសុខាភិបាលចាំបាច់ ផ្សេងទៀតឱ្យបានខ្ជាប់ខ្លួន បំផុត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕


