អភិបាលខេត្តព្រះសីហនុចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣មីនាឆ្នាំ២០២១ បានចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ឈាបនដ្ឋាននោះ មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកគួច ចំរើន បានមានប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទីតាំងឈាបនដ្ឋាននោះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើហ៊ុព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗផងដែរ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕









