សម្ដេចតេជោ ប្រាប់ទូតថ្មីសង្ហបុរី ថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា តែយើងត្រូវបន្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ តាមបែបគន្លងតាមថ្មី

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា, បាន ដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា តែទោះជាយ៉ាងណា យើងត្រូវតែជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខារួចហើយនោះ ដោយអនុវត្តន៍ការងារនេះតាមបែបគន្លងតាមថ្មី ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ ទាវ ឡាយចេង បានគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ថា លោកជំទាវ ពិតជាមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានទទួល លោកជំទាវ ទោះបីសម្ដេចតេជោ មានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ។

ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានគោរពសំដែងនូវការ អបអរសាទរជូនដល់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ដោយកម្ពុជា មានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ ហើយការ កាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនផងដែរ។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ មានប្រសាសន៍ ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការ ក៏បានល្អផងដែរ ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យ ពាណិជ្ជកម្ម ទាំងការវិនិយោគ ទាំងវិស័យបច្ចេកទេស និងទាំងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវ បានថ្លែងថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលនៅឡើយ , ក្នុងន័យនេះ ក្នុងបេសកកម្មរបស់លោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បី ធ្វើយ៉ាងណាពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែ មានភាពរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោកជំទាវ ទាវ ឡាយចេង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា។ សម្ដេចតេជោ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ពាក់ព័ន្ធនឹងទំនាក់ទំនង រវាង ប្រទេសយើងទាំងពីរ ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ គឺមានជាយូរលង់ណាស់មកហើយ នោះ គឺចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរី បានទទួលឯករាជ្យ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា, បានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលដែលសន្ទនា ជាមួយគ្នាទៅវិញទៅមកទៀតផង ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ សម្ដេច បានមានប្រសាសន៍ថា យើងគប្បីណា ត្រូវតែជំនះនូវបញ្ហានេះ យើងត្រូវជំរុញទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខារួច ហើយ បន្ថែមទៅដោយកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ស្របតាមសក្កានុពលដែលប្រទេសយើងទាំង២មាន ទោះបី យើងត្រូវតែអនុវត្តការងារនេះ តាមបែបគន្លងតាមថ្មីក៏ដោយ ។

ជាចុងក្រោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរអោយលោកជំទាវ ទាវ ឡាយចេង សូមទទួលបាន ជោគជ័យ ក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner