សហរដ្ឋអាមេរិកដាក់បញ្ចូលមេប៉ូលិស និងអង្គភាពកងទ័ពមីយ៉ាន់ម៉ាទៅក្នុងបញ្ជីខ្មៅ ជុំវិញការបង្ក្រាបដ៏ហិង្សាលើក្រុមអ្នកប្រឆាំងតវ៉ាដោយសន្តិវិធី
អាមេរិក៖ ក្រសួងរតនាគារជាតិអាមេរិកនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបាននិងកំពុងដាក់ទណ្ឌកម្មលើសមាជិកពីររូបរបស់របបដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងមេប៉ូលិស និងអង្គភាពយោធាចំនួនពីរ ដែលមានជាប់ពាក់ព័ន្ធនឹងការបង្ក្រាបដ៏បង្ហូរឈាមទៅលើក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារ ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្រមានថា នឹងចាត់វិធានការដាក់សម្ពាធបន្ថែមទៀត ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មីរួចរាល់ហើយ នូវសមាជិកមេដឹកនាំយោធាកំពូលៗ និងក្រុមហ៊ុនមួយចំនួនដែលគ្រប់គ្រងដោយយោធា ប៉ុន្តែទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ានៅតែច្រានចោលការអំពាវនាវអោយបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយរឹតតែបង្កើនការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ដែលមកទល់ពេលនេះមានមនុស្សច្រើនជាង២៥០នាក់ហើយបានស្លាប់ ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពថ្ងៃនេះគឺជាការផ្ញើសញ្ញាដ៏ខ្លាំងក្លាមួយថា យើងនឹងអនុវត្តតាមការសន្យារបស់យើងដែលថា នឹងបន្តចាត់វិធានការប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារ ក៏ដូចជាអ្នកដែលបានប្រព្រឹត្តអំពើហិង្សា ។ ហើយចំណាត់ក្តៅរបស់សហរដ្ឋអាមេរិកនេះដែរ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាឯកតោភាគីនៅថ្ងៃចន្ទម្សិលមិញ ទៅលើមន្រ្តីចំនួន១១រូបរបស់របបយោធាមីយ៉ាន់ម៉ា ពីបទធ្វើរដ្ឋប្រហារកាលពីខែមុន និងការបង្ក្រាបទៅលើក្រុមបាតុករផងដែរ ៕ ប្រភព៖ Reuters



