មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែកដែលមានសារធាតុគីមីនៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង
ស្វាយរៀង៖ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនិងជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា( ក ប ប) ខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។
លោកផឹង និលបានឲ្យដឹងដាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ១៩ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីដាក់ក្នុង ពពុះសណ្តែកចំនួន ៥ Kg សារធាតុគីមី ( Borax ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
លោកបានថ្លែងបន្តថាដោយសារកន្លងមកមន្ត្រីជំនាញយើងបានចុះអង្កេតនៅតាមទីផ្សារញឹកញាប់ដូច្នេះអាជីវករមួយចំនួននៅខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់ក្នុងការលក់ទំនិញគ្រប់ប្រភេទគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញយើងគឺធ្វើយ៉ាងណាកុំលក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាពិសេសពពុះសណ្ដែកដែលមានសារធាតុគីមីត្រូវបញ្ឈប់លក់ជាបន្ទាន់ព្រោះនាំឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញជាពិសេសស្លាដក់និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវពិនិត្យមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។
សូមបញ្ជាក់ថាមន្ត្រីជំនាញសាខា(ក ប ប)ក៏បានចែកស្ទីកគ័របិទនៅតាមស្តង់លក់ទំនិញមួយចំនួននៅផ្សារស្វាយជ្រំដើម្បីបង្កើនការយល់ដឹងអំពីការលក់ទំនិញវេចខ្ចប់ស្រាប់និងផលប៉ះពាល់នូវទំនិញដែលខូចគុណភាពផងដែរ។






