មនុស្សស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត៥.១រ៉ិចទ័រវាយប្រហារប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ គ្រោះរញ្ជួយដីក្នុងកម្រិត៥.១រ៉ិចទ័របានវាយប្រហារតំបន់ជាយ ស្ថិតនៅចម្ងាយ៦៩គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ហើយជាលទ្ធផលនោះ មានមនុស្សម្នាក់បាត់បង់ជីវិត និង ១១នាក់ផ្សេងទៀតរបួស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។

គ្រោះរញ្ជួយដីកម្រិតដ៏កក្រើកខាងលើនេះ បានញាប់ញ័រចេញពីក្នុងជម្រៅដី៧គីឡូម៉ែត្រ និងត្រូវបានចាត់ទុកជាកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាបានវាយប្រហារចំទីប្រជុំជន នោះវាអាចបង្កការខូចខាត និងមនុស្សរងគ្រោះបាន ។

គ្រោះមហន្តរាយធម្មជាតិនេះដែរ បានកើតមានឡើងកាលពីវេលាម៉ោង០០៖៤៨នាទីរំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ហើយបើតាមអាជ្ញាធរអ៊ីរ៉ង់នោះ មនុស្សម្នាក់ដែលស្លាប់នោះ គឺជាស្ត្រីវ័យ៦០ឆ្នាំម្នាក់ ខណៈមនុស្សផ្សេងៗដែលបានទទួលរបួស គឺដោយសារតែការព្យាយាមរត់ទៅរកកន្លែងមានសុវត្ថិភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner