អង់គ្លេសប្រកាសត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ អាយុពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ
ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស The Telegraph នាព្រឹកថ្ងៃពុធ ទី២៤ ខែមីនានេះ បានចេញផ្សាយថា កុមារនៅចក្រភពអង់គ្លេសនឹងទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 យ៉ាងឆាប់បំផុត ចាប់ពីខែសីហា ខាងមុខនេះតទៅ ដើម្បីឆ្លើយតបទៅតាមផែនការរបស់រដ្ឋាភិបាល។
ប្រភពបញ្ជាក់ទៀតថា កាលបរិច្ឆេទនៃការរៀបចំចាក់វ៉ាក់សាំងដល់ក្មេងៗ និងមនុស្សវ័យជំទង់នៅអង់គ្លេស ក៏អាចនឹងប្រព្រឹត្តទៅមួយខែលឿនជាងកាលកំណត់ផងដែរ ដោយអាស្រ័យលើការត្រៀមរៀបចំ ត្រូវបានជំរុញមានប្រសិទ្ធភាពដល់កម្រិតណា។
គួរបញ្ជាក់ថា គិតត្រឹមដើមសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសនៅតែកំពុង ទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាស្រាវជ្រាវ ទៅលើវ៉ាក់សាំងសម្រាប់កុមារ ដែលបាននិងកំពុងធ្វើឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca Plc ជាមុនសិន ទើបសេចក្តីសម្រេចអាចធ្វើឡើងទៅតាមក្រោយ។ មន្ត្រីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ទិន្នន័យសុវត្ថិភាពនៃការធ្វើតេស្តវ៉ាក់សាំង លើក្រុមក្មេងៗស្ម័គ្រចិត្តជាង ៣០០នាក់ ដែលមានអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ អាចនឹងត្រូវចេញក្នុងពេលឆាប់់ៗខាងមុខនេះ ដែលអាចនៅអំឡុងខែមិថុនា ឬកក្កដា៕
