មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បញ្ជាក់អំពីស្ថានទម្ងន់ទោសអ្នកដែលមិនព្រមពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល
ក្រសួងសុខាភិបាលនៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បានកំណត់ដំបន់ដែលត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល រួមមាន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ នៅថ្ងៃសទី២៥មីនឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងយុត្តធម៌លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមជុំវិញប្រកាសស្ដីពីការពាក់ម៉ាស និងគម្លាតសុវត្ថិភាពបុគ្គល សម្រាប់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។
លោកគឹម សន្តិភាព បានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយត្រូវពាក់ម៉ាស់ជាកាតព្វកិច្ច លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ ។
លោកបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយករណីការរក្សាគម្លាតសុវត្ថិភាពបុគ្គលមិនអាចធ្វើទៅបាន ការពាក់ម៉ាសត្រូវធ្វើជាកាតព្វកិច្ច និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ដើម្បីជាវិធានការក្នុងការបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ-១៩ លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហាញអំពីទណ្ឌកម្មចំពោះការមិនអនុវត្តការព្វកិច្ចពាក់ម៉ាស បុគ្គលដែលបំពាននឹងកាតព្វកិច្ចពាក់ម៉ាសត្រូវទទួលទណ្ឌកម្មដូចជា ការបំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ការបំពានចាប់ពពីលើកទី២ទៅ ត្រូវផ្ដន្ទាទោសផាកពិន័យអន្តរការណ៍ពី២សែនរៀលទៅ១លានរៀល។ ចំពោះការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពវិញ ការបំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ការបំពានលើកទី២ ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ ពី២សែនរៀលទៅ១លានរៀលចំពោះបុគ្គល, ពី១លានរៀលទៅ៥លានរៀលចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត, ពី២លានរៀល ទៅ១០លានរៀល ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម៕


