អ្នកជំនាញពន្យល់ពីហេតុផលតម្លៃប្រេងឥន្ធនៈលក់រាយ កាន់តែហក់ឡើង

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញថា ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើងវិញ​ជា​បន្តបន្ទាប់​ គឺមកពីចង្វាក់ផលិតកម្មបានដំណើរការវិញហើយ។ នៅពេលណាតម្លៃប្រេងសាំងឡើងថ្លៃ គេអាចវាយតម្លៃបានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងចាប់ផ្តើមកើនឡើងវិញជាបណ្តើរៗ។

លោក យក់ ចំរើនឬទ្ធិ អ្នកសេដ្ឋកិច្ច និងជាអគ្គនាយក​នៃ​ក្រុមហ៊ុន ហ្វតតេ បាន​ប្រាប់​ AMS ថា តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​ឡើងថ្លៃ​នៅពេល​នេះ​ គឺមានជាប់ទាក់ទងទៅនឹង​តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ដែល​ហក់​ឡើង​ខ្ពស់​​។ សំណួរសួរថា តើហេតុអ្វីបានជាទីផ្សារប្រេងឥន្ធនៈ​អន្តរជាតិហក់ឡើង? 

លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖«តម្លៃប្រេងធ្លាក់ថ្លៃ ឬឡើងថ្លៃ គឺអាស្រ័យផ្អែកទៅលើទីផ្សារអន្តរជាតិ ពីព្រោះប្រទេសយើងមិនមែនជាអ្នកផលិតប្រេងទេ អ្វីៗទាំងអស់ យើងមិនអាចកំណត់តម្លៃបានទេ ​គឹអាស្រ័យលើទីផ្សារអន្តរជាតិ បើតម្លៃទីផ្សារអន្តរជាតិឡើង តម្លៃប្រេងសាំងលក់រាយវាក៏ឡើងថ្លៃដែរ»។​


លោក​ ចំរើនឬទ្ធិ បន្តថា​ «ការបញ្ជាទិញ​ប្រេង​ពី​ខាងក្រៅ​របស់​កម្ពុជា​មក​ក្នុងតម្លៃ​ថ្លៃ ដូច្នេះ​តម្លៃ​លក់រាយ​ទៅវិញ​ក៏​ឡើងថ្លៃ​ទៅតាម​នោះដែរ​​ ។ អ៊ីចឹងយើងមានការលំបាកក្នុងការកំណត់តម្លៃខ្លួនយើងណាស់ ព្រោះប្រទេសយើងមិនមែនជាប្រទេសដែលផលិតប្រេងនោះទេ។ យើងបូមប្រេងបានតិចតួច និងមិនទាន់មានរោងចក្រចម្រាញ់ប្រេងទេ»។

លោក​កត់សម្គាល់ថា ប្រជាពលរដ្ឋនៅយល់ច្រឡំថា ប្រទេសយើងមានប្រេង ប៉ុន្តែប្រេងដែលយើងមានគឺស្ថិតក្នុងខ្នាតតូចប៉ុណ្ណោះ ដូច្នេះហេតុផល​ផ្សេងទៀត​ដែល​នាំឱ្យ​ប្រេងឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃនោះ​គឺ​ដោយសារតម្រូវការ​ប្រើប្រាស់​ប្រេងឆៅពីសំណាក់សហរដ្ឋអាមេរិក និងចិន ក្នុងការគាស់រំលើងឱ្យមានកំណើន​សេដ្ឋកិច្ចឡើងវិញ។

លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ចកម្ម ដែលធ្វើតារាងបញ្ជាក់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​ចំនួន 2 ​ដង​ ក្នុង1​ខែ​ ដោយនៅក្នុង​ខែ​នីមួយៗ ​ក្រសួងពាណិជ្ជកម្ម​មិនមែន​ជា​អ្នកកំណត់​តម្លៃ​ប្រេងឥន្ធនៈ​នោះទេ គឺ​គ្រាន់តែ​ជា​អ្នកស្រង់​តម្លៃ​ឡើង​ចុះ​ទៅតាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​មក​គណនា​ប៉ុណ្ណោះ​។

យោងតាមសេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី 16ដល់31 ខែមីនា ឆ្នាំ2021 គឺ​សម្រាប់​ប្រេងសាំង​ធម្មតា​ (EA92) 3,700 រៀល​ក្នុង​1លីត្រ​ ហើយសម្រាប់​ប្រេងម៉ាស៊ូត​ 3,350 រៀល​ក្នុង1 លីត្រ​ ។

អ្នកលក់​ប្រេងឥន្ធនៈនៅតាមស្ថានីយ៍​​នៃក្រុមហ៊ុនមួយចំនួន នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា ស្ថានីយ៍​ទាំងអស់​តែងតែ​អនុវត្ត​តម្លៃ​លក់រាយ​តាម​ការណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម​គឺ​សាំង​ស៊ូពែរ​មានតម្លៃ 4,200 រៀល​ក្នុង1លីត្រ សាំង​ធម្មតា 3,700​រៀលក្នុង1លីត្រ និង​ប្រេងម៉ាស៊ូត 3,350រៀល​ក្នុង​1លីត្រ​។

លោក ចំរើនឬទ្ធិ បានលើកឡើងថា ពាក់ព័ន្ធទៅនឹងកិច្ចអន្តរាគមន៍ទៅលើតម្លៃប្រេងដែលបន្តឡើងកាន់ខ្ពស់នោះ រដ្ឋាភិបាលអាចមានលទ្ធភាពធ្វើបាន ប៉ុន្តែមិនធំដុំនោះទេ ពោលអាចបានត្រឹមជួយសម្រួលបញ្ចុះតម្លៃប្រេងតាមរយៈការបញ្ចុះភាគរយនៃការយកពន្ធលើការនាំចូលប្រេងតិចតួច ម៉្យាងទៀតបើពឹងផ្អែកទៅលើចំណូលពីការបូមប្រងរបស់កម្ពុជានាពេលបច្ចុប្បន្ននៅមានកម្រិតយើងតិច​​តួចណាស់​មិនទាន់អាចចាក់ចូលទៅក្នុងចំណូលសេដ្ឋកិច្ចជាតិបានច្រើននៅឡើយ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner