ក្រសួងអប់រំសហការជាមួយអង្គការខេបបង្កើតបណ្ណាល័យទំនើបលើកកម្ពស់ការអានរបស់កុមារ
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គាំទ្រពីមូលនិធិ (Kinchan Foundation) បង្កើតបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្ដចំនួនប្រាំបួននៅកម្ពុជា ដើម្បីជំរុញការអានដល់កុមារ។
ក្រសួងអប់រំបានឱ្យដឹងថា តាមរយៈគម្រោងកុមារកម្ពុជារីករាយ (HCC) អគារបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនដាច់ស្រយាលចំនួន១៦ កំពុងចាប់ផ្តើមដំណើរការ មាននៅខេត្តរតនគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំជាដើម។ បណ្ណាល័យត្រូវបានសាងសង់ក្នុងកម្មវិធីសាលាជំនាន់ថ្មីរបស់អង្គការ ខេប ដោយប្រើប្រាស់គ្រឿងសង្ហារឹមដែលមានមុខងារច្រើន និងរចនាសម្រាប់សកម្មភាពជាក់លាក់មួយចំនួន ដូចជាការនិទានរឿង។
គ្រប់ភាគីចូលរួមបង្កើតបណ្ណាល័យទំនើបលើកកម្ពស់ការអាននេះ យល់ឃើញថា បណ្ណាល័យទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍ គ្រូបង្រៀនក្នុងមូលដ្ឋាន និងលើកទឹកចិត្តយ៉ាងខ្លាំងដល់កុមារចូលរៀន។ ការបណ្តុះបណ្តាលបណ្ណារក្ស កំពុងដំណើរការក្នុងគោលបំណងធានាឱ្យមានអត្រាខ្ពស់ក្នុងប្រើប្រាស់បណ្ណាល័យ និងទទួលការថែទាំបានល្អ។
គួរបញ្ជាក់ថា អង្គការ ខេប កន្លងទៅបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនការផ្តោតយកចិត្តទុកដាក់លើការអប់រំពីចម្ងាយ និងតាមឌីជីថលក្នុងបរិបទជំងឺកូវីដ – ១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធអប់រំនៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ខេបមានគម្រោងចំនួន ២០ ដែលបានប្រតិបត្តិការក្នុង ១៣ ខេត្ត-រាជធានី និងបានផ្តល់ផលដល់កុមារ និងយុវជនជាងមួយសែនពីរម៉ឺននាក់៕