កម្ពុជាស្វាគមន៍ New UN Envoy និងរំពឹង៣ចំណុចក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្ស
កម្ពុជាស្វាគមន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់អាណ្ណត្តិថ្មីនិងរំពឹងទុក៣ចំណុចចំពោះមន្ត្រីអង្គការសហប្រជាជាតិមកថ្មីនោះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។ លោកសាស្រ្តាចារ្យជាតិថៃ ឈ្មោះ វិទិត មុនតាផន ត្រូវបានតែងតាំងជាផ្លូវការហើយ កាលពីថ្ងៃទី២៤មីនាឆ្នាំ ២០២១ ក្នុងការធ្វើជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោយការចប់អាណ្ណត្តិ របស់លោកស្រី រ៉ូណាស្មីតសញ្ជាតិអង់គ្លេស។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅថ្ងៃទី២៥មីនាឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ មន្ត្រីថ្មីអង្គការសហប្រជាជាតិនិងរំពឹងទុកបីចំណុច។ លោកបានបញ្ជាក់ថា ចំណុចទី១ គឺអាចធ្វើកិច្ចសហការ បានប្រកបដោយភាពស្មោះត្រង់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមានរដ្ឋាភិបាល, គណបក្ស នយោបាយ, អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។ ចំណុចទៅ២ ធ្វើការសិក្សា ស្រាវជ្រាវ, វិភាគ, វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកប ដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើ ទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិង និន្នាការនយោបាយផ្ទាល់ខ្លួន និងចំណុចទី៣ អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវ ដោយ អណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរព នូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ។