អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធីសាស្រ្ត ទប់ស្កាត់ការចម្លងកូវីដ-១៩ ជាមួយខេត្តជាប់ព្រំប្រទល់ចំនួន២ មាន៖ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ
ជំនួបបន្ទាន់នៃក្រុមការងារស្រាវជ្រាវ-តាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ បានដាក់ចេញនូវការអនុវត្តឲ្យមានប្រសិទ្អភាព ការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្ត ស្តីអំពីការប្រើប្រាស់ទម្រង់បញ្ជីឈ្មោះអ្នកបើកបរ និងអ្នកធ្វើដំណើរចូលខេត្តសៀមរាប ដែលនេះគេរំពឹងទុកថា ជាឧបករណ៍សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកធ្វើដំណើរ កាត់បន្ថយហានីភ័យនៃការចម្លងកូវីដ ចូលក្នុងសហគមន៍ ។
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមជាមួយនឹងក្រុមការងារស្រាវជ្រាវ-តាមដាន បុគ្គលសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ បានជួបប្រជុំគ្នាជាបន្ទាន់ នៅគោលដៅទាំង២ ( ស្រុកជីក្រែង និង ស្រុកក្រឡាញ់ ) ចំណុចព្រំប្រទល់នៃច្រកចេញចូលតាមបណ្តោយផ្លូវជាតិលេខ៦ រវាងខេត្តកំពង់ធំ-សៀមរាប និង ខេត្តសៀមរាប-បន្ទាយមានជ័យ )។ កម្មវត្ថុដ៏សំខាន់នៃការជួបប្រជុំគ្នានេះ គឺការរៀបចំបន្ថែមកម្លាំងចម្រុះ ដើម្បីអនុវត្តវិធីសាស្រ្តថ្មី ក្នុងការគ្រប់គ្រងទិន្នន័យអ្នកធ្វើដំណើរឆ្លងកាត់ ឬចូលខេត្តសៀមរាប ដែលនេះគឺជាយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ការទប់ស្កាត់ ការនាំចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍។
វិធីសាស្ត្រថ្មីនេះ គឺការចុះបញ្ជីឈ្មោះជាកញ្ចប់ ក្នុងតារាងរាយនាមអ្នកបើកបរ និងអ្នកធ្វើដំណើរតាមរថយន្ត រួមមានរថយន្តតាក់ស៊ី រថយន្តក្រុង និងរថយន្តគ្រួសារ។ បញ្ជីឈ្មោះទាំងនេះ វាជាឧបករណ៍ផ្ទុកទិន្នន័យសម្រាប់ការស្រាវជ្រាវ តាមដានរកអ្នកពាក់ព័ន្ធ នៅពេលដែលមានករណីរកឃើញជនមានផ្ទុកជម្ងឺកូវីដ-១៩ ។ ការងារនេះ ត្រូវបានបំពេញប្រតិបត្តិការ នៅលើទីតាំងប៉ុស្ថិរបស់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៃអ្នកធ្វើដំណើរ និងស្កែន QR Code ទាំង២គោលដៅ គឺនៅច្រកខាងកើត ព្រំប្រទល់នៃស្រុកជីក្រែង និងច្រកខាងលិច ព្រំប្រទល់នៃស្រុកក្រឡាញ់ ។
គួរបញ្ជាក់ដែរថា ខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាលកំណត់ថា ជាភូមិសាស្រ្តដែលមានការចម្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ មកដល់ថ្ងៃទី២៥ ខែមីនា ខេត្តសៀមរាបបានរកឃើញអ្នកជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ចំនួន៦នាក់ ។ បើយោងតាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ បានបញ្ជាក់ថា ការរកឃើញវិជ្ជមានវារ៉ុសកូវីដ១៩លើជនទាំង៦នាក់នោះ គឺជាការនាំជម្ងឺកូវីដ-១៩ ពីខេត្តខាងក្រៅ ចូលក្នុងសហគមន៍នៃខេត្តសៀមរាប ។
ឯកឧត្តម នាក់ ណេរ៉ុន បានថ្លែងនូវការអំពាវនាវ សូមការអធ្យាស្រ័យពីសំណាក់អ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាចូលរួមសហការជាមួយក្រុមការងារ អនុវត្តការចុះបញ្ជីក្នុងតារាងឈ្មោះជាកញ្ចប់នេះ និង ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីរួមគ្នាកាត់ផ្តាច់ឬសគល់នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕ម៉ី សុខារិទ្ធ






