យោធាមីយ៉ាន់ម៉ាព្រមានបាញ់សម្លាប់ក្រុមបាតុករ ប្រសិនបើមានការតវ៉ាប្រឆាំងក្នុងទ្រង់ទ្រាយធំនៅថ្ងៃប្រារព្ធទិវាកងទ័ពក្នុងថ្ងៃសៅរ៍នេះ
មីយ៉ាន់ម៉ា៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយថា យោធាមីយ៉ាន់ម៉ាបានព្រមានទៅកាន់ក្រុមបាតុករអំពីហានិភ័យត្រូវគេបាញ់ចំក្បាល ខណៈសារគំរាមនេះធ្វើឡើងចំពេលក្រុមសកម្មជនប្រឆាំងរដ្ឋប្រហារបាននិងកំពុងអំពាវនាវឲ្យមានការតវ៉ាប្រឆាំងក្នុងទ្រង់ទ្រាយធំនៅក្នុងថ្ងៃប្រារព្ធទិវាកងទ័ព នៅថ្ងៃសៅរ៍នេះ ។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយនូវសារព្រមានធ្ងន់ៗទៅកាន់ក្រុមបាតុករថា អ្នកគួរតែយល់ហើយថា អ្នកអាចនឹងរងគ្រោះ ដោយការបាញ់ចំក្បាល និងពីក្រោយ ។ នៅព្រឹកថ្ងៃសៅរ៍នេះ របបដឹកនាំនៅមីយ៉ាន់ម៉ាបានចាប់ផ្តើម ប្រារព្ធទិវាកងទ័ពហើយ នៅក្នុងរដ្ឋធានីណៃពីដោ ។ ទិវាកងទ័ពតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមានការបង្ហាញរថពាសដែក រថក្រោះ យន្តហោះចម្បាំង និងមីស៊ីលផងដែរ ហើយជាធម្មតាតែងតែត្រូវបានចូលរួមដោយមន្ត្រីយោធាកំពូលៗដឹកនាំដោយអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ។
សូមជម្រាបថា យោងតាមទិន្នន័យពីសមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) បានអោយដឹងថា មនុស្ស៣២០នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងមក ខណៈដែល២៥ភាគរយនៃអ្នកស្លាប់ខាងលើនេះ គឺត្រូវបានគ្រាប់កាំភ្លើងបាញ់ចំក្បាល ៕ ប្រភព៖ CNA


