រថយន្តហាយឡែនឌ័របុករះម៉ូតូ និងរថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័របុករះម៉ូតូស្កុបពីរ និងរថយន្តមួយគ្រឿងម៉ាកឆែវរ៉ូឡែតគូរ៉ូណាដូចំពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួស។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2199 បើកបរដោយបុរសម្នាក់ ចេញពីកន្លែងលក់ថ្នាំពេទ្យ រួចបានបើករថយន្តរបស់គាត់រយ៉ែថយក្រោយចេញមក ហើយបើកទៅមុខបត់ឆ្វេងដៃ ដោយមើលឃើញសង្ស័យថាគាត់ជាន់ហ្គែរច្រឡំថាហ្វ្រាំង ក៏ជ្រុលទៅយ៉ាងលឿនបុករះម៉ូតូម៉ាកស្កុបពីរពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿនជ្រុលបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឆែវរ៉ូឡែតគូរ៉ូណាដូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI- 3508 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជើងក្រងាង រីឯម៉ូតូស្កុបពីររងការខូចខាតបែកស្តុតក្រោយ។ ចំណែកឯ រថយន្តទាំងពីរគ្រឿងវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនម្ចាស់តៃកុងរថយន្តហាយឡែនឌ័រ យកទៅសាកសួរនាំបន្តនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បាមចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូម៉ាកស្កុបពីរមួយគ្រឿងទៀតយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយ/ ឆៃហួត





