អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា បុគ្គល ចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹង អនុក្រឹត្យ ត្រូវពិន័យពី៥លានរៀល ទៅ២០ លានរៀល ដោយមិនទាន់គិត ដល់ទោស ព្រហ្មទណ្ឌ

អត្ថបទដោយ៖
ជា សេឌី

យោងតាមអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា បុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី ៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត។

«ការចាត់ចែងសពមានផ្ទុកមេរោគកូវីដ១៩» ដែលល្មើសនឹងមាត្រា១៥ និងមាត្រា២៥ ក្នុងអនុក្រឹត្យលេខ៣៧ បានឲ្យដឹងថា ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាងអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានក្រើនរំលឹកពីទណ្ឌកម្ម ក្នុងអនុក្រឹត្យលេខ៣៧ ចំពោះ «ការចាត់ចែងសពមានផ្ទុកមេរោគកូវីដ១៩» ដែលល្មើសនឹងអនុក្រឹត្យនេះ។ ឯកឧត្តម បញ្ជាក់ថា ក្នុងករណីដែលមានការសង្ស័យថា សាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។

ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផល នៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេ ក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner