ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារក្នុងស្រុកដងទង់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែ មីនា ឆ្នាំ២០២១ បានអញ្ជើញចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ មកពីឃុំអង្គរមាស ឃុំល្អាង និងឃុំ មានរិទ្ធ ក្នុងស្រុកដងទង់ ខេត្តកំពត។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ និងមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ដោយមិនមានការដោះស្រាយអ្វីនោះឡើយ។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដឥ១៩ កំពុងឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងនោះមាននៅខេត្តកំពតផងដែរ។ ទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យ នូវវិធានការ ៣ការពារនិង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀល៕





