រដ្ឋមន្រ្តីសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

អត្ថបទដោយ៖
ធី ដា

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៦មេសា ឆ្នាំ២០២១ តាមរយៈលិខិត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋានរបស់ខ្លួន។ លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែល រាជធានី-ខេត្តនីមួយបានរៀបចំរួចជាស្រេចហើយ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមថា ការត្រៀមបម្រុងនោះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួងសុខាភិបាល ក៏បានសន្យថា នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងនៅព្រឹកថ្ងៃទី៦មេសា បានធ្វើការណែនាំ ឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។ សម្តេចតេជោ បានចាត់ទុកថា នោះគឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាលបានគ្រប់គ្រាន់។ កម្ពុជាកម្ពុជាគិតត្រឹមថ្ងៃទី៦មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៨២៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៧៩៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៣នាក់ ព្រមទាំងមានអ្នកស្លាប់២២នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner