អេ អ ឌី ប៊ី ជួបប្រជុំពីចម្តាយជាមួយនិង អេស៊ីលីដា ពិភាក្សាផ្តោតលើការផ្លាស់ប្តូរទស្សនទានរវាងគ្នាទៅវិញទៅមកលើយន្តការនៃការផ្តល់ឥណទានរួមដើម្បីធ្វើការគាំទ្រទៅដល់វិស័យកសិកម្ម
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា អេ អ ឌី ប៊ី (ARDB) ដឹកាំដោយ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ធនាគារអេស៊ីលីដា ភិល អិលស៊ី (ACLEDA) ដឹកនាំដោយ លោកបណ្ឌិត អ៊ិន ចាន់នី ជាប្រធានអគ្គនាយក ភាគីទាំងពីរបានធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន។
កិច្ចពិភាក្សាដែលធ្វើឡើងរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ តាមរយៈកម្មវិធីប្រជុំពីចម្ងាយ នោះគឺផ្តោតលើលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយក្នុងនោះ ធនាគារ អេ អ ឌី ប៊ី (ARDB) និងធនាគារ អេស៊ីលីដា (ACLEDA) បានផ្លាស់ប្តូរទស្សនទានរវាងគ្នាទៅវិញទៅមកលើយន្តការនៃការផ្តល់ឥណទានរួមដើម្បីធ្វើការគាំទ្រទៅដល់វិស័យកសិកម្ម រួមមាន៖ ១.ការចិញ្ចឹមសត្វ ២. វារីវប្បកម្ម ៣.ការដាំដុះបន្លែ ផ្លែឈើ និង ៤. ការកែច្នៃ នូវ ផលិតផល កសិកម្ម ជាដើម។ បន្ថែមលើនេះ ភាគីទាំងពីរបានធ្វើការពិភាក្សាលើលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាង ផ្នែកវាយតម្លៃឥណទាន និងផ្នែកគ្រប់គ្រងហានិភ័យឥណទាននៃធនាគារ អេស៊ីលីដា (ACLEDA) និង ធនាគារ អេ អ ឌី ប៊ី (ARDB) ផងដែរ៕



