ក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានបិទជាបណ្ដោះអាសន្នរយៈពេល១២ថ្ងៃ (Video Inside)
ក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានបិទជាបណ្ដោះអាសន្នរយៈពេល១២ថ្ងៃ។ ក្រុងបាវិតខេត្តស្វាយរៀងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចូលក្នុងសហគមន៍៣ករណី ដែលនាំឲ្យចំនួនអ្នកកំពុងមានវិជ្ជមានកូវីដ១៩ ក្នុងមន្ទីរពេទ្យកើនដល់១២៣នាក់ហើយ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៦មេសាបានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ក្នុងនោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើន ឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
សេចក្តីជួនដំណឹងដដែលបានបញ្ជាក់ថាដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ, សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១។
ការដាក់វិធានការរដ្ឋបាលនោះ រួមមានការរឹតត្បិតការធ្វើដំណើរ, ការហាមឃាត់ការប្រមូលផ្ដុំ ឬការជួបជុំមនុស្សក្នុងភូមិសាស្ត្រក្រុងបាវិត និង ការបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ, ក្រុមហ៊ុនកាស៊ីណូពិភពថ្មី, ក្រុម ហ៊ុនកាស៊ីណូ GOOD LUCK និងក្រុមហ៊ុន EMPEROR ផងដែរ។