មនុស្ស៧២៨នាក់ស្លាប់ ដោយសារការផឹកស្រាបង្ការការឆ្លងជម្ងឺ COVID-19 នៅប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថា ការជឿខុសដែលថា ការផឹកស្រាអាចព្យាបាលជំងឺ COVID-19 បាននោះ បានសម្លាប់ជីវិតមនុស្សប្រមាណ៧២៨នាក់ ខណៈតួលេខថ្មីនេះ គឺមានចំនួនច្រើនជាងការចេញផ្សាយរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីពេលមុន នេះបើតាមសារព័ត៌មាន Dailymail នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ជាមួយគ្នានេះ ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក ហូសេន ហាសសានៀន បាននិយាយថា ភាពខុសគ្នានៃតួលេខអ្នកស្លាប់ទាំងនេះ គឺដោយសារតែជនរងគ្រោះដែលពុលស្រាមួយចំនួន បានស្លាប់នៅខាងក្រៅមន្ទីរពេទ្យ ។ លោកបន្ថែមថា មនុស្សប្រមាណជា២០០នាក់បានស្លាប់នៅខាងក្រៅមន្ទីរពេទ្យ ។

ដោយឡែកក្រុមអាជ្ញាធរដែលត្រួតពិនិត្យមើលការស្លាប់នេះបាននិយាយថា ការពុលស្រាលាយសារធាតុមេតាណុល បានសម្លាប់ប្រជាជនអ៊ីរ៉ង់ចំនួន៧២៨នាក់នៅចម្លោះពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែមេសាមកនេះ ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីដើមខែមេសាមកនេះ បានឱ្យដឹងថា ករណីពុលស្រាបានកើនឡើង១០ដងនៅប្រទេសអ៊ីរ៉ង់កាលពីឆ្នាំកន្លងមកនេះ ចំពេលដែលមានជំងឺរាតត្បាតសកល COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner