សម្តេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ កងកម្លាំង និងពិនិត្យទីតាំងបិទខ្ទប់ ក្នុភូមិសាស្រ្តខណ្ឌចំនួន០៣ ក្នុងរាជធានីភ្នំពេញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ដែលកំពុងធ្វើការបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ។ ការចុះសួរសុខទុក្ខ និងចែកជូននូវអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ០២១ ស្ថិតនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងការចុះសួរសុខទុក្ខនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាស៍ថា ក្រោមការខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយកងម្លាំងមានសមត្ថកិច្ច ដែលមានកម្លាំងអគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាជធានី ស្នងការនគរបាលរាជធានី និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង នៅការរីករាតត្បាត នៃជំងឺកូវីដ១៩ ដែលកើតមាននាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក។ សម្តេចក្រឡាហោម បានលើកឡើងទៀតថា ថ្វីត្បិតតែកម្ពុជាបានខិតខំក្នុងការទប់ស្កាត់នៃការរីករាតត្បាតនៃមេរោគកូវីដ១៩ យ៉ាងណាក្តី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មេរោគកូវីដ១៩ បានហក់ឡើងយ៉ាងកុំហុក ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង នៃបេសកកម្ម របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបំរើ និងការពារប្រជាជន ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងតែរីករាលដាលនាពេលនេះ ។
សម្តេចក្រឡាហោម បានធ្វើការថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះ អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាធានីភ្នំពេញ រួមនិងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ សំរាប់ប្រជាជនកម្ពុជា ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំអោយ រដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ច បន្តធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួន ពីមេរោគកូវីដ១៩ និងចូលរួមប្រយុទ្ធប្រឆាំងពីមេរោគដ៏កាចសាហាវនេះ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខកងម្លាំង ដែលកំពុងឈរជើង នៅតាមមូលដ្ឋានដែលកំពុងធ្វើការបិទខ្ទប់នាពេលនេះ សម្តេច បានធ្វើការផ្តល់ជូននៅអំណោយ សំរាប់ជូនទៅដល់កងកម្លាំង ដូចជា ទឹកសុទ្ធ មី រួមនិងថវិការផងដែរ ៕ដោយ -រ៉ាវុធ







